ខេត្តកំពង់ស្ពឺ៖ ពិតជាអកុសលណាស់ដែលបុរសម្នាក់ទៅរំលំដើមត្នោតក្រោយផ្ទះហើយត្រូវដើមត្នោតរលំសង្កត់លើបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍យ៉ាងអកុសលនេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនរងគ្រោះ(សព)ឈ្មោះ ខាន់ ខន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុបុរសខាងលើបានទៅកាប់ដើមត្នោតរបស់ខ្លួន តែម្នាក់ឯងនៅខាងក្រោយផ្ទះ ចម្ងាយ២០ម៉ែត្រដើម្បីពុះច្រៀកធ្វើផ្ទះ។លុះខណៈដែលគាត់កំពុងកាប់ដើមត្នោតនោះ ស្រាប់ដើមត្នោតនោះបាក់រលំលើគាត់បណ្ដាលឱ្យសង្កត់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ភ្លាមនោះដែរអ្នកជិតខាង និងបងប្អូនក្នុងភូមិបានជួយសែងយកសពទៅប្រគល់ជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច៕
ដោយ÷ប្រាថ្នា