ជនសង្ស័យ២នាក់ចូលលួចគាស់ផ្ទះពលរដ្ឋទុកចោលក្នុងចម្ការត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់បាននាំគ្នាលួចគាស់ផ្ទះពលរដ្ឋដែលទុកចោលក្នុងចម្ការយកទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ រីឯម្នាក់ទៀតគេចខ្លួន​បាត់។ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃ៥ខែតុលាឆ្នាំ២០២០​ ហើយដែលករណីនេះបានកើតឡើងតាំងពីថ្ងៃទី៩​ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នៅចំណុចដីចម្ការស្ថិតក្នុងភូមិតាក្តុលត្បូង​ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា​ជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ​ ដុក.សិទ្ធដារ៉ូ ភេទប្រុស ជនជាតិខ្មែរ​អាយុ២៩ឆ្នាំ ទី២-ឈ្មោះ​ ធី ពិសិដ្ឋ
ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ និងទី៣-ឈ្មោះ សោម ប៉ុណ្ណារ៉ូ ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ (គេចខ្លួន)​។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ​ ញៀប ទេវី ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ។
ដោយឡែកទ្រព្យសម្បត្តិបាត់បង់មានគ្រែឈើចំនួន១, ទូឈើ១,​ពូក១, ម៉ូទ័របូមទឹក១គ្រឿង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះមានដីចម្ការមួយកន្លែងនិងមានដាំដំណាំហូបផ្លែជាច្រើនមុខ ព្រមទាំងសង់ផ្ទះមួយខ្នងទុកចោលនិងមានដាក់សម្ភារដូចខាងលើ ហើយមកលេងម្តងម្តាល ។
លុះមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះក៏បានមកលេងដីចម្ការរបស់ខ្លួនដើម្បីបេះផ្លែឈើហូប ក៏ស្រាប់តែឃើញមានស្នាមគាស់សោរបងចម្ការ ចំណែកផ្ទះទុកចោលបាត់សម្ភារខាងក្នុងអស់ ក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាក្តុលតែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាមនគរបាលប៉ុស្តិ៍តាក្តុលក៏បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ  យកមកសាកសួរនៅប៉ុស្តិ៍តាក្តុល។
តាមការសាកសួរជនសង្ស័យបានឆ្លើយថាពួកខ្លួនទាំង៣នាក់ពិតជាបានធ្វើសកម្មភាពចូលលួចសម្ភាររបស់ជនរងគ្រោះខាងលើប្រាកដមែន  គឺបានលួចចាប់តាំងពីថ្ងៃទី៩ខែសីហាឆ្នាំ២០២០ មកម្ល៉េះ ដោយចូលលួចជាច្រើនដងរហូតអស់សម្ភារពីក្នុងផ្ទះខាងលើនេះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន​នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print