ខេត្តកំពង់ស្ពឺ៖ លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំអាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ទឹកភ្លៀងនៅតាមមូលដ្ឋាន នានានៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមរបាយការណ៍ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ។ នាព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០នេះ លោក បានជំរុញឲ្យ ក្រុមការងារ និងមន្ទីរជំនាញដែលពាក់ពន្ឋ័ក្នុងខេត្ត ត្រូវចុះពិនិត្យមើលបន្ថែមទៀតតាមបណ្ដាស្រុកនានាក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ លោកអំពាវនាវឱ្យ មន្ទីរជំនាញ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ។ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមលក្ខណ: គ្រប់គ្រាន់ ដើម្បីជួយសម្រួលទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល អោយប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។
នៅក្នុងការចុះពិនិត្យនៅជំនន់ទឹកភ្លៀង នៅក្នុងឃុំចំនួន៣ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ។ លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជាក់ថា៖ ក្នុងខេត្តកំពង់ស្ពឺជំនន់ទឹកភ្លៀងបានជន់លិចស្រូវ បន្តិចបន្ទួចនៅតំបន់ជាប់មាត់អូរ និងតំបន់ទំនាបខ្លះ ហើយទឹកជំនន់ទឹកភ្លៀងនេះ ពុំទាន់មានការជន់លិចឬធ្វើឲ្យខូចខាតផលដំណាំប្រជាកសិករ គួរអោយព្រួយបារម្មណ៍ឡើយនៅក្នុងអំឡុងពេលនេះ៕
ដោយ៖ សិលា