ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងចំណោមមនុស្សជាច្រើននាក់ គ្រាដែលប្រឹងរត់គេចចេញពីវង់អាប៉ោងដោយការដេញចាប់របស់សមត្ថកិច្ច កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលត្រពាំងច្រាំង ខាងលិចភូមិផ្គាំ ចម្ងាយប្រហែល៥០០ម៉ែត្រ ក្នុងឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅប្រាប់តាមទូរសព្ទ័នារសៀលថ្ងៃទី០៦ខែតុលាឱ្យដឹងថា ដើម្បីការពារភូមិឃុំមានសុវត្ថិភាពកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសិង្ហបានចុះប្រតិបត្តិការបង្ក្រាបវង់ល្បែងមួយកន្លែងដែលជនរងគ្រោះនិងមនុស្សផ្សេងទៀតបានជួបជុំគ្នាលេងល្បែង។
សមត្ថកិច្ចបន្ថែមថា អ្នកលេងបានដឹងខ្លួនមុន ហើយបានបំបែកហ្វូងរត់យករួចខ្លួន ខណៈក្រុមសមត្ថកិច្ចបានចុះទៅដល់កន្លែងលេង។ តែដោយឡែកបុរសខាងលើបានដួលដេកលើភ្លឺស្រែព្រោះតែជំងឺគាំងបេះដូង ហើយក៏បានស្លាប់គ្រាដែលសមត្ថកិច្ចព្យាយាមជួយនិងបញ្ជូនមកដល់មន្ទីរពេទ្យ។
សពជនរងគ្រោះឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ។
អ្នកដែលឃើញហេតុការណ៍និយាយថាករណីនេះជនរងគ្រោះទំនងជាភ័យខ្លាចខ្លាំងពេក និងប្រឹងរត់រហូតគាំងបេះដូងដួលសន្លប់ ទើបបណ្តាលឲ្យស្លាប៉បាត់បង់ជីវិតបែបនេះ។
សមត្ថកិច្ចអះអាងថា អ្នកលេងល្បែងស៊ីសង (អាប៉ោង) សមត្ថកិច្ចគ្រាន់តែព្យាយាមឃាត់ខ្លួនពួកគាត់ដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែដោយអ្នកលេងល្បែងនោះគាត់ភ័យពេក រត់រហូតគាំងបេះដូងដួលស្លាប់។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមសាចញាតិធ្វើបុណ្យតាមប្រពៃណី៕វណ្ណា