ខេត្តស្ទឹងត្រែង៖ ចោរស្ទើរភ្លើងម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសេសាន ក្រោយពីធ្វើសកម្មភាពគាស់ទ្វារបន្ទប់ផ្ទះជាន់លើបំណងចូលលួចទ្រព្យសម្បត្តិ ពេលម្ចាស់ផ្ទះមិននៅតែការប្រព្រឹត្តបែបនេះគឺមិនបានសម្រេចទេ ដោយត្រូវម្ចាស់ផ្ទះមកទាន់ចាប់បញ្ជូនឲ្យសមត្ថកិច្ចយកទៅចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៤៥នាទីរសៀល ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមការរៀបរាប់ឲ្យដឹងពីម្ចាស់ផ្ទះឈ្មោះគង់ សូនីកា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា ផ្ទះនេះគាត់ពុំសូវបាននៅនោះទេ គឺគាត់ទុកចោលយូរៗមកមើលម្តង គឺគាត់ច្រើនតែរស់នៅជាមួយឪពុកនៅឯខេត្ត តែសំណាងល្អថ្ងៃកើតហេតុខាងលើ គាត់បានមកមើលផ្ទះក៏ប្រទះឃើញចោរកំពុងធ្វើសកម្មភាពគាស់ផ្ទះ ក៏បានស្រែកហៅអ្នកភូមិមកជួយធ្វើអន្តរាគមន៍ចាប់ចោរនោះបានហើយរាយការណ៍ទៅនគបាលប៉ុស្តិ៍កំភុនមកទទួលយកទៅសួរចម្លើយនិងស្រាវជ្រាវបន្ត។
លោកលុន ធី នាយរងប៉ុស្តិ៍កំភុនបានឱ្យដឹងនៅថ្ងៃទី៧ ខែតុលានេះថា ក្រោយចោរធ្វើសកម្មភាពគាស់ផ្ទះអ្នកភូមិនៅចំណុចខាងលើរួចមក ហើយម្ចាស់ផ្ទះក៏ចាប់ចោរបានរួចរាយការណ៍មកលោក លោកក៏បាននាំកម្លាំងចុះដល់ទីតាំងកើតហេតុភ្លាមៗតែម្តងដើម្បីទទួលយកជនសង្ស័យរួមនឹងម៉ូតូមួយគ្រឿងដែលជារបស់ជនសង្ស័យខាងលើ។
ជនសង្ស័យមានឈ្មោះសៅ សារុំ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
លោកបន្តថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះដែលមិនបាននៅទុកចោលយូរៗមកមើលម្តងដោយទៅនៅជាមួយឪពុកម្តាយនៅឯខេត្ត។
លោកបញ្ជាក់ថា ជនសង្ស័យមិនបានឆ្លើយសារភាពច្រើនទេ គ្រាន់តែឆ្លើយថា គេចូលមកបម្រុងដេកលេងទេ។ លោកថានេះជាការឆ្លើយដោះសារបស់ជនសង្ស័យខាងលើនេះតែប៉ុណ្ណោះ ព្រោះតាមការពិនិត្យជាក់ស្តែង ឃើញមានគាស់សោដាច់ចេញពីទ្វារទាំងពីរបន្ទប់នោះ តែដោយសារម្ចាស់គេចាក់សោពីរជាន់ទើបមិនងាយគាស់ចូលបាន តែកំពុងតែធ្វើសកម្មភាព ទទួលម្ចាស់គេទៅទាន់ក៏ចាប់បានតែម្តង។
ក្រោយធ្វើការសាកសួររួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកសេសានចាត់ការបន្ត។
លោកថា នៅថ្ងៃនេះដែរអធិការរដ្ឋាននគរបាលស្រុកសេសាន នឹងបញ្ចូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ក្រោយធ្វើការសាកសួរចម្លើយរួច៕ ដោយ៖ មាស សុផាត