ភ្នំពេញ៖លេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈ ពិសេសលើវិស័យពិធីករ លោក ចាន់ ស៊ីញស៊ីញ គ្រោងនឹងសមត្ថភាពថ្មីមួយបន្ថែមទៀតសម្រាប់ការងារសិល្បៈ នោះការបង្ហើរសំនៀងក្នុងបទចម្រៀងថ្មី។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីតារាប្រុសវ័យក្មេងរូបនេះកំពុងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនលើវិស័យសម្តែង និងពិធីករ។
ចាន់ ស៊ីញស៊ីញ មានវ័យ២៣ឆ្នាំ លោកធ្លាប់បានចូលរួមប្រកួត ក្នុងកម្មវិធីជាច្រើន ដូចជាកម្មវិធី ប្រកួត Hiruscar Cambodia កម្មវិធីMiss & Mr Cat of The City 2016 និងកម្មវិធី Freshie Boy & Girl 2017។ ក្រោយបញ្ចប់ការប្រកួត លោកធ្លាប់បានចូលរួមសម្តែង ក្នុងភាពយន្តមួយចំនួន និងការងារថតបង្ហាញម៉ូតជាច្រើន បន្តបន្ទាប់។
ថ្មីៗនេះ ស៊ីញ ស៊ីញបាននឹងកំពុងទទួលបានជោគជ័យច្រើនលើការងារជាពិធីករអាជីពក្រោយពីលោកខិតខំពង្រឹងការងារមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកពិតជារីករាយដែលការងារសិល្បៈរបស់លោកមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសលើអាជីពជាពិធីករ។ លោកថាការងារសម្តែង បង្ហាញម៉ូត លោកនៅតែទទួលប៉ុន្តែមិនច្រើនដូចការងារពិធីករទេ ។ លោកថាក្រោយពីពង្រឹងការងារនេះជាច្រើនខែមកនោះលោកទទួលបានលទ្ធផលល្អ ដែលបច្ចុប្បន្នលោកកំពុងមមាញឹកនឹងការងារនេះទាំងកម្មវិធីសម្រាប់ទូរទស្សន៍My TV ក្នុងកម្មវី TMS Pub និងការងារជាពិធីករក្នុងព្រឹត្តិការណ៍តូចធំនានាមួយចំនួន។
អ្វីដែលកាន់តែធ្វើឲ្យលោកមមាញឹកនឹងការងារ ផ្នែកពិធីករផងដែរនោះគឺក្រោយពីលោកចូលរួមបំពេញការងាររួមគ្នាជាមួយភ្នាក់ងារក្រុមហ៊ុន 50K Plus។ទោះជាយ៉ាងណាលោកថាក្រៅពីអាជីពជាពិធីករលោកក៏ងាកមកចាប់បន្តការងារសម្តែងជាថ្មីដែលថ្មីៗនេះលោកក៏ទើបនឹងបញ្ចប់ការសម្តែងក្នុងភាពយន្តបែបយុវវ័យរឿង”យើងអាយុ១៩ឆ្នាំ” ផងដែរ ហើយលោកនឹងមានការងារសិល្បៈថ្មីៗជាច្រើនទៀតដែលនឹងបង្ហាញឆាប់ៗនេះបូករួមទាំងអាជីពចម្រៀងដោយលោកត្រៀមបញ្ចេញស្នាដៃថ្មីក្នុងពេលដ៏ខ្លីខាងមុខ។ លោកថាការច្រៀងអាចទទួលយកបានក្រោយពីការធ្វើតេស្តសំឡេង និងការហ្វឹកហាត់កន្លងមក ដែលលោករំពឹងថានឹងទទួលបានការចាប់អារម្មណ៍បន្ថែមពីទស្សនិកជន។
អ្វីដែលលោកពេញចិត្តនឹងការងារនេះកាន់តែខ្លាំងក្រោយពីការចាប់ដៃគូជាមួយពិធីការិនីដ៏ជំនាញគឺកញ្ញា សុខ សុកន្និដ្ឋា ដែលបានជួយពង្រឹងការងារលោកឲ្យបានកាន់តែរលូន។ សិល្បករវ័យ២៣ឆ្នាំរូបនេះបញ្ជាក់ដែរថា លោកពិតជាពេញចិត្តដែលទទួលបានឱកាសការងារទាំងនេះ ហើយលោកចាត់ទុកថាជាការបោះជំហ៊ានមួយលឿនសម្រាប់ឆ្នាំនេះ បើទោះបីជាមានការជះឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ៕
ដោយ៖ វឌ្ឍនា