ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ជាប្រមុខដឹកនាំប្រទេសមួយបានប្រកាសពីគោលបំណងចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ី។ លោកក្លាយជាប្រមុខដឹកនាំប្រទេសទីពីរហើយបន្ទាប់ពីប្រធានាធិបតីវេណេហ្ស៊ុយអេឡា។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ស្តីពីវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ី ប្រធានាធិបតីស៊ីរី អាល់ អាសាដ បានបញ្ជាក់ថា លោកពិតជាចង់ចាក់វ៉ាក់សាំងរបស់រុស្ស៊ី ។ លោកអាល់អាសាដបានបញ្ជាក់ថា« ជាការណ៍ពិតណាស់ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន មនុស្សគ្រប់រូបចង់បានចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងវីរុសដ៏កាចសហាវនេះ។
លោក អាសាដ បានបញ្ជាក់ទៀតថា«តាមអ្វីដែលខ្ញុំដឹងប្រភេទវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ី មិនទាន់មាននៅលើទីផ្សារពិភពលោកនៅឡើយទេ។ប៉ុន្តែយើងបានពិភាក្សាគ្នាជាមួយរដ្ឋាភិបាលរុស្ស៊ីស្តីពីការផ្តល់វ៉ាក់សំាងមកកាន់ស៊ីរី ឲ្យបានឆាប់បំផុត»។
កាលពីថ្ងៃទី៤ ខែតុលា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានប្រកាសថា លោក និងកូនប្រុស នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik-V របស់រុស្ស៊ី។ កាលពីថ្ងៃទី២ខែតុលា វ៉ាក់សាំងSputnik-V សម្រាក់ចាក់ដល់ពលរដ្ឋស្ម័គ្រចិត្ត ក្នុងការសាកល្បងជាលើកចុងក្រោយ បានចូលទៅដល់អាកាសយានដ្ឋានអន្តរជាតិSimon Bolivar ទីក្រុង Caracasប្រទេសវេណេហ្ស៊ុុយអេឡា។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានបញ្ជាក់ថា មានជាង៤០ប្រទេសហើយបញ្ជាទិញវ៉ាក់សាំង Sputnik-V របស់រុស្ស៊ី ក្នុងនោះមានប្រទេសតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកឡាទីន និង តំបន់អាស៊ាន៕