ដើម្បីភាពរីកចម្រើនក្នុងមូលដ្ឋាន អភិបាលស្រុកវ័យក្មេង បន្តអន្ទងអ្នកវិនិយោគលើវិស័យទេសចរណ៍ នៅបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប៖ បើទោះជាលោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មានវ័យក្មេង ប៉ុន្តែលោកមិនក្មេងសេចក្តីឡើយ ក្នុងគំនិតដឹកនាំគិតផលប្រយោជនជាតិ ប្រជាជនជាធំ ។ លោកប្រឹងឱ្យអោយក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ប្រែមុខមាត់ មានការអភិវឌ្ឍន៍ អភិរក្ស ធ្វើយ៉ាងណាឱ្យប្រជាជន មានការងារធ្វើ មានមុខរបរ មានឱកាសបង្កបង្កើនផល ស្រូវដំណាំ ផ្លែឈើ ច្នៃប្រឌិតឧបករណ៍ផ្សេង ស្របតាមតំបន់ ទីផ្សារ។
ថ្ងៃនេះទី៨ ខែតុលា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានអន្ទងបន្ត ជាការទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី ក្នុងនោះលោកបានសំណេរ និងបង្ហាញរូបភាព ដ៏ស្រស់ត្រកាល នៃវាលស្រែ ព្រៃភ្នំ តំបន់កម្សាន្តទេសចរណ៍ធម្មជាតិ ខៀវស្រងាត់ ។ លោកបានលើកឡើងថា៖ «ចាប់អារម្មណ៍ចង់វិនិយោគនៅបន្ទាយស្រី?»៖ ថ្ងៃនេះ សុំផុសបង្អួតពីកន្លែងថ្មីមួយនៅក្នុងស្រុកបន្ទាយស្រី ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ ហើយថែមទាំងបានដើរស្របជាមួយនឹងចក្ខុវិស័យរបស់រដ្ឋបាលស្រុកទៀតផង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមលើកឡើងបន្តិចពីចំណងទាក់ទងគ្នានៃការវិនិយោគពីវិស័យឯកជន និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកបន្ទាយស្រី។

លោក ឃឹម ហ្វីណង់ បន្តថា៖ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើការថែរក្សាបរិស្ថានធម្មជាតិ និងភាពបន្សុីគ្នាទៅនឹងស្ថានភាពទីតាំងភូមិសាស្ត្រតំបន់។ ប៉ុន្តែស្រុកបន្ទាយស្រីនៅមានសក្តានុពលជាច្រើនទៀត ដែលអ្នកវិនិយោគអាចយកទៅពិចារណាបាន ទាំងការធ្វើកសិកម្មដែលមានតម្លៃខ្ពស់ ទាំងលើវិស័យអេកូទេសចរណ៍និងទេសចរណ៍ជនបទ ឬច្របាច់បញ្ចូលគ្នាឱ្យទៅជា”កសិទេសចរណ៍”រឹតតែប្រសើរ។

លោកអភិបាលមានគំនិតជាតិនិយម ក្នុងនោះលោកថ្លែងថា៖ រាល់ការខិតខំប្រឹងប្រែងទាំងឡាយទៅលើការអភិវឌ្ឍក្នុងពេលកន្លងមករបស់រដ្ឋបាលស្រុក គ្មានគោលបំណងអ្វីក្រៅពីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចមើលឃើញពីសក្តានុពលទាំងនេះ ហើយធ្វើការបោះទុនវិនិយោគមកក្នុងស្រុកបន្ទាយស្រីនោះទេ ព្រោះការអភិវឌ្ឍនៅក្នុងទីកន្លែងណាមួយ ដាច់ខាតទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនអាចមានតែអាជ្ញាធរមូលដ្ឋានម្នាក់ឯងនោះទេ។ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់សុទ្ធសឹងតែជាតួអង្គសំខាន់ក្នុងរឿងនេះ តែអ្វីដែលសំខាន់បំផុតនោះគឺអ្នកវិនិយោគមកពីវិស័យឯកជននោះឯង។

លោកថា៖ អាជ្ញាធរនៅតែដើរតួនាទីសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជាការវិនិយោគសាធារណៈដែលផ្តល់ផលប្រយោជន៍រួម ហើយប្រសិនបើរដ្ឋមិនធ្វើវា ក៏មិនអាចមានអ្នកណាអាចធ្វើជំនួសបានដែរ។ តួនាទីមួយទៀតនៃអាជ្ញាធរមូលដ្ឋានគឺផ្តល់ការសម្របសម្រួល លើកទឹកចិត្ត និងបម្រើសេវាសាធារណៈប្រកបដោយភាពងាយស្រួល កាត់បន្ថយរបាំងការិយាល័យធិបតេយ្យ និងរាល់ភាពស្មុគស្មាញទាំងឡាយដែលបង្កឱ្យមានការខាតបង់ពេលវេលា ឬត្រូវចំណាយបន្ថែមមិនចាំបាច់ ធ្វើយ៉ាងណាឱ្យស័ក្តិសមនឹងការដែលអ្នកវិនិយោគខិតខំយកទុនរបស់ខ្លួនមកដាក់រកសុីនៅក្នុងស្រុកមួយនេះ។

លោកអភិបាលថ្លែងបន្តថា៖ ខ្ញុំជឿថា នៅពេលដែលអ្នកវិនិយោគអាចមើលឃើញដោយខ្លួនឯងពីសក្តានុពល និងមានភាពជឿជាក់ហើយនោះ មិនចាំបាច់អង្វរឬអូសទាញឱ្យពួកគាត់មកវិនិយោគ ក៏ពួកគាត់រត់ចូលមកដោយខ្លួនឯងដែរ ព្រោះនេះគឺជាក្រឹត្យក្រមនៃសេដ្ឋកិច្ចទីផ្សារសេរី។ នៅពេលនោះហើយដែលល្បឿននៃការអភិវឌ្ឍនឹងដើរទៅលឿន ការងារនិងមុខរបរថ្មីនឹងត្រូវបានបង្កើតឡើង ដែលនឹងនាំឱ្យប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ។

លោកបញ្ជាក់ថា៖ ថ្ងៃណាមួយ រដ្ឋបាលស្រុកនឹងរៀបចំឱ្យមាន”វេទិកាទាក់ទាញអ្នកវិនិយោគមកកាន់ស្រុកបន្ទាយស្រី” ដើម្បីបន្តផ្សព្វផ្សាយ ផ្តល់ពត៌មានបន្ថែម និងរំលេចពីសក្តានុពលសំខាន់ៗរបស់ស្រុក ចាប់ឱ្យជួបនិងសហការគ្នារវាងអ្នកក្នុងស្រុក និងអ្នកមកពីក្រៅស្រុក ក៏ដូចជាធ្វើការតម្រង់ទិសនៃការអភិវឌ្ឍទាំងអស់ ដើម្បីធ្វើឱ្យមានសុខដុមនីយកម្មរវាងគ្នានឹងគ្នា និងដើរស្របនឹងចក្ខុវិស័យរួមយូរអង្វែងរបស់ស្រុកបន្ទាយស្រី។

ប៉ុន្តែ ដើម្បីអាចឱ្យវេទិកានេះអាចលេចចេញជារូបរាងបាន វាទាមទារប្រជាពលរដ្ឋអ្នកស្រុកបន្ទាយស្រី ម្ចាស់អាជីវកម្ម ម្ចាស់ដី រួមទាំងអាជ្ញាធរមូលដ្ឋានខ្លួនឯងផ្ទាល់ ត្រូវត្រៀមខ្លួននិងលក្ខណៈសម្បត្តិឱ្យបានរួចរាល់រួចជាស្រេច ដើម្បីរំលេច និងបង្អួតបង្ហាញពីសក្តានុពលដែលខ្លួនមាន ទៅកាន់រាល់អ្នកវិនិយោគដែលមានបំណងចង់បោះទុនមកក្នុងស្រុកបន្ទាយស្រី។ នៅពេលនោះមកដល់ ការអភិវឌ្ឍនឹងអាចរីកលូតលាស់ក្នុងល្បឿនលឿនបានហើយ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print