នៅថ្ងៃទី០៨ខែតុលា ក្រុមសន្តិសុខ ប្រមាណជាង៩០០០នាក់ការពារជុំវិញវិមានប្រធានាធិបតីក្នុងរដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងច្បាប់ថ្មីដែលមានឈ្មោះថាច្បាប់Ombinus បង្កឲ្យមានវិវាទយ៉ាងខ្លាំង ។ ច្បាប់ថ្មីនោះត្រូវបានសភាអនុម័តកាលពីថ្ងៃទី៦ខែតុលា ឆ្នាំ២០២០។
លោកYusri ប្រធានការិយាល័យទំនាក់ទំនងមហាជននៃស្នងការដ្ឋានប៉ូលិសហ្សាការតាបានឲ្យដឹងថា មានកម្លាំងសន្តិសុខដល់ទៅ ៩.៣៤៦នាក់ រួមមានប៉ូលិសនិងទាហានដាក់ពង្រាយការពារសន្តិសុខជុំវិញវិមានប្រធានាធិបតី ទប់ស្កាត់ក្រុមបាតុករសម្រុកចូលទីនោះ។
មានក្រុមបាតុករប្រមាណ២ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតី ហើយក្រុមបាតុករនោះបានប្រមូលផ្តុំគ្នាដោយមិនមានលិខិតអនុញ្ញាតឡើយ។ បាតុកម្មកើតឡើងចំពេលទីក្រុងហ្សាការតា កំពុងតែអនុវត្តច្បាប់គម្លាតសង្គមទប់ស្កាត់ការឆ្លងកូវីដ-១៩។ ប៉ូលិសទីក្រុងហ្សាការតា បានអំពាវនាវដល់ពលរដ្ឋកុំចូលរួមធ្វើបាតុកម្មព្រោះអាចបង្កឲ្យមានការឆ្លងកូវីដ-១៩ ។
បាតុកម្មប្រឆាំងច្បាប់ថ្មីកើតឡើងតាំងពីថ្ងៃទី ៦ខែតុលា ក្រោយសភាឥណ្ឌូនេស៊ីបានអនុម័តច្បាប់ Ombinus ដែលជាច្បាប់ត្រូវបានក្រុមបាតុករចាត់ទុកថា «គ្មានប្រជាធិបតេយ្យ» និងធ្វើឲ្យខាតបង់ដល់ពលករ ព្រមទាំងបរិស្ថាន។
កម្លាំងសន្តិសុខទីក្រុងហ្សាការតា ក៏បានចាប់ខ្លួនបាតុករ២០០នាក់ផងដែរ ។
តាមលទ្ធផលស្រាវជ្រាវបាតុកម្មកើតឡើងគឺតាមការអំពាវនាវនៅលើបណ្តាញសង្គម។ អ្វីដែលគួរឲ្យបារម្ភនោះគឺមនុស្ស២០០នាក់ដែលចាប់ខ្លួននោះធ្វើតេស្តរកកូវីដ-១៩ ឃើញមាន១២នាក់វិជ្ជមាន។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ដល់ទៅ៣១៥.០០០នាក់ និងស្លាប់ជិត១១.៥០០នាក់៕
ដោយ៖ធីរីណា