លោក Derek Chauvin អតីតប៉ូលិសទីក្រុងMinneapolis ដែលរងការចោទប្រកាន់ពីបទសម្លាប់បុរសជនជាតិស្បែកខ្មៅឈ្មោះGeorge Floyd កាលពីខែឧសភាកន្លងមកនោះ ពេលនេះ ទទួលបានការធានាឲ្យនៅក្រៅឃុំហើយ នាថ្ងៃទី៧ខែតុលា(ថ្ងៃនៅអាមេរិក) ក្រោយលោកបានតម្កល់ប្រាក់ធានា១លានដុល្លារ។
មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំងនិង ស្នងការប៉ូលិស Minnesota មិនបានប្រកាសឲ្យដឹងថា លោកDerek Chauvin បានប្រាក់មកពីណាយកមកតម្កល់នោះឡើយ ដើម្បីឱ្យបាននៅក្រៅឃុំ។ លក្ខខណ្ឌដែលលោកDerek Chauvin ទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំ គឺត្រូវបង្ហាញវត្តមាន គ្រប់ពេលវេលា តាមសំណើរបស់តុលាការ ឬស្នងការប៉ូលិស។ លោកDerek Chauvin មិនអនុញ្ញាតឲ្យកាន់កាំភ្លើងឡើយ ហើយមិនឲ្យទំនាក់ទំនងជាមួយគ្រួសារ Floyd ឡើយ ទោះជាតាមបណ្តាញសង្គមក្តី។
អតីតប៉ូលិស លោកChauvin ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣១ខែឧសភា ដោយចោទប្រកាន់ពីបទសម្លាប់មនុស្ស ដោយប្រើជង្គង់សង្កត់ករយៈពេលយូរ ធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ការស្លាប់ជនជាតិស្បែកខ្មៅកន្លងមក បានបង្កឲ្យមានមហាបាតុកម្ម នៅទូទាំងពិភពលោក ប្រឆាំងការរើសអើងជាតិសាសន៍ ។ នៅលើទឹកដីអាមេរិក មានបាតុកម្មកើតឡើងនៅរដ្ឋទាំង៥០ ស្នើឲ្យឈប់ប្រើហិង្សាលើក្រុមជនជាតិស្បែកខ្មៅ។ នៅពេលនេះគេមិនទាន់ដឹងថា ការដោះលែងអតីតប៉ូលិសឲ្យនៅក្រៅឃុំ អាចបង្កឲ្យមានមហាបាតុកម្មជាថ្មីដែរឬយ៉ាងណានោះទេ៕