កូរ៉េខាងត្បូង៖ អគារខុនដូមានកម្ពស់៣៣ជាន់ (១០២ម៉ែត្រ)ស្ថិតនៅស្រុក Dal Dong ទីក្រុងUlsan ប្រទេសកូរ៉េខាងត្បូងបានឆាបឆេះនៅជិតពាក់កណ្តាលយប់ថ្ងៃទី៨ខែតុលា ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសនោះឡើយ។
សារព័ត៌មាន Daily Mail បានផ្សាយថា គេឃើញអណ្តាតភ្លើងឆាបឆេះដំបូងពីជាន់ទី១២នៃអគារខុនដូនៅវេលាម៉ោង២៣និង០៧នាទីយប់ថ្ងៃទី៨ ខែតុលា (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីជម្លៀសពលរដ្ឋរស់នៅក្នុងខុនដូដល់ទៅ១៣៦បន្ទប់។
រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា អណ្តាតភ្លើងគ្របដណ្តប់អគារទាំងមូល បង្កឲ្យមានផ្សែងគ្របដណ្តប់ពេញតំបន់។ អណ្តាតភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័សដោយសារតែមានខ្យល់ខ្លាំង។ អណ្តាតភ្លើងបានរាលដាលដល់មជ្ឈមណ្ឌលពាណិជ្ជកម្មក្បែរនោះ ប៉ុន្តែបានពន្លត់ទាន់ពេលវេលា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្ស១៥នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមនុស្ស៤៣នាក់ទៀតបានជួយសង្គ្រោះនៅដំបូលនៃអគារ៕ដោយ៖ធី រីណា