ខេត្តកំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកងកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតលើករណីជនទំនើងគប់កញ្ចក់រថយន្តអ្នកដំណើរនៅពេលយប់តាមដងផ្លូវជាតិលេខ៥។
ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីុុនអេឌ័រ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងនៅចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។
នៅវេលាម៉ោង២៣និង១៥នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីុនអេឌ័រ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។
ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុកបានបញ្ជាឱ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះធ្វើអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចមុខខ្លោងទ្វារវត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖ ១-ផ្ទាត់ សុផា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ២-ប្រាក់ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។
វត្ថុតាងដកហូតបានមានដាវ១ដើម ចម្ពាមកៅស៊ូ១ ម៉ូតូ១ គ្រឿង។ ចំពោះបក្ខពួកជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងបានរត់គេចខ្លួន ជាមុខសញ្ញានៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕ ចន្ថា