ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។

អង្គភាពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដោយសេរីរហូតអ្នកខ្លះបានយកបណ្តាញសង្គមនេះ មកធ្វើការរិះគន់ និងញុះញង់ឲ្យមានការស្អប់ថ្នាក់ដឹកនាំ និងវាយប្រហារនគរបាល ខណៈដែលនគរបាលបានប្រព្រឹត្តកំហុសឆ្គងអ្វីជាដើមនោះ។

លោកអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា «ការលេងបណ្តាញសង្គម ដូចជាយូធូប តិកតុក និងហ្វេសបុកនេះ ពេលឃើញគេបង្ហោះហើយសូមកុំទាន់ជឿ ហើយត្រូវយកមកពិចារណា ខណៈសព្វថ្ងៃនេះមានជនមួយចំនួនកំពុងតែបំពុលបរិយាកាសសង្គម ហើយជនខិលខូចខ្លះទៀតកំពុងតែយកបណ្តាញសង្គមនេះ មកបោកបងប្អូនប្រជាពលរដ្ឋយកលុយ។ ដូច្នេះសូមយើងទាំងអស់គ្នាត្រូវចេះពិចារណាទាក់ទងនឹងការលេងនេះ ហើយត្រូវតែមានការប្រុងប្រយ័ត្នកុំឲ្យការលេងតាមបណ្តាញសង្គមនេះក្លាយជាផលវិបាកដល់ខ្លួនឯង ពិសេសបង្កើតអោយមានចលនាបដិវត្តពណ៌ឲ្យសោះ»។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដូច្នេះក្នុងនាមយើងជានគរបាលត្រូវតែការពារឲ្យបានដាច់ខាតនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយមិនត្រូវអនុញ្ញាតឲ្យបុគ្គលណាមួយមកធ្វើការបំផ្លិតបំផ្លាញបាននោះឡើយ។

លោកអគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ជាពិសេសមានឆន្ទៈ និងគុណធម៌ក្នុងការបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវដល់សិក្ខាកាមជានគរបាលទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទាក់ទងនឹងមេរោគកូវិដ១៩ ខណៈមេរោគនេះនៅតែបន្តកើតឡើងជាបន្តបន្ទាប់នៅលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងនេះ។ ដោយកុំសន្តិភាពនិយម ជាមួយនឹងមេរោគមួយនេះឲ្យសោះនោះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់ថ្នាក់ដឹកនាំ មន្រ្តីនៃសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ចំនួន ៥១នាក់ ម្នាក់ទទួលបាន ៥ម៉ឺនរៀល និងសិក្ខាកាមជានគរបាលចំនួន ៥៣នាក់ ម្នាក់ទទួលបាន ៥ម៉ឺនរៀល និងបានឧបត្ថម្ភភេសជ្ជៈមួយចំនួន ដើម្បីសម្រាប់អាហារសាមគ្គីផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print