ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះថា ៖ មកដល់ពេលនេះទាំង១៤ខណ្ឌនិងសង្កាត់ទាំង១០៥បាននិងកំពុងតែដៃដុតជើងទាំងយប់ទាំងថ្ងៃដើម្បីធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះក្នុងមួយថ្ងៃយើងប្រមូលសំរាមបានប្រមាណ២០០០តោន ខណៈដែលនៅរាជធានីភ្នំពេញក្នុងមួយថ្ងៃមានសំរាមចំនួន២៨៦៥តោន។
រដ្ឋបាលរាជធានីភ្នំពេញអាចគ្រប់គ្រងការប្រមូលសំរាមបានមួយកម្រិតធំហើយ ។ លោកជឿជាក់ថា មិនយូរទេការប្រមូលសំរាមនឹងលែងចោទជាបញ្ហាហើយ បើ ទោះបីកម្មករស៊ិនទ្រីធ្វើកូដកម្មមិនប្រមូលសំរាមក៏ដោយ។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះនៅសាលារាជធានីភ្នំពេញ ខណៈដែលលោកទទួលគ្រឿងចក្រសម្រាប់ចូក រុញដីមួយគ្រឿងពីក្រុមហ៊ុន KNN ដើម្បីយកមកធ្វើសកម្មភាពកើបរុញនិងប្រមូលសំរាម នៅក្នុងរាជធានី ។
លោក ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់គ្រឿងចក្រមួយគ្រឿងនេះវានឹងជួយរំលែកការងារដល់អាជ្ញាធររាជធានីភ្នំពេញបានមួយកម្រិតធំ ។លោកក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានប្រគល់នូវគ្រឿងចក្រមួយគ្រឿង
នេះមកដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលលើការងារប្រមូលសំរាម ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញមានការខ្វះខាតនូវគ្រឿងចក្រនៃការប្រមូលសំរាមនេះ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា កិច្ចការងារប្រមូលសំរាមយើងបានគិតគូរតាំងពីឆ្នាំ២០១៩មក ដោយយើងបានចែកម៉ូតូកង់បីសម្រាប់ដឹកសំរាមនៅតាមបណ្ដាខណ្ឌទាំង១៤និងសង្កាត់ទាំង ១០៥ ជាមួយនឹងការទិញគ្រឿងចក្រចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរាមទៅចាក់ទីលានផងដែរ ។
លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ទាំងអគ្គស្នងការនគរបាលជាតិ ទាំងអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានសន្យាបញ្ជូនកងកម្លាំងប្រដាប់អាវុធទាំងពីរភេទនេះប្រមាណ២ពាន់នាក់មកជួយលើការងារដឹកជញ្ជូននិងប្រមូលសំរាមនៅរាជធានីភ្នំពេញផងដែរ។ តែទោះបីជាយ៉ាងណាក្តីកម្លាំងទាំងនេះ យើងមិនទាន់យកមកប្រើប្រាស់នៅឡើយទេ ។
ក្នុងឱកាសនោះដែរលោកឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ កុំយកទៅបោះចោលនៅតាមទីសាធារណៈ អាចយកទៅដាក់នៅដេប៉ូ ចាក់សំរាមដែលរៀបចំឡើងដោយអាជ្ញាធរខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ។ ការធ្វើបែបនេះនិឹងជួយសម្រួលការងារច្រើនសម្រាប់ក្រុមការងារដឹកសំរាមជញ្ជូនសំរាមរបស់យើង៕ សំរិត