ក្រោយរកឃើញថា មិនមានច្បាប់អនុញ្ញាតនិងវះកាត់ធ្វើអោយនារីម្នាក់ខូចសម្ផស្ស , ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស»

ចែករំលែក៖

ភ្នំពេញ៖កាលពីថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស» (VENUS Academy&Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ២៤២ (ឧកញ៉ាពេជ្រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដែលទើបទទួលបាន នាព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះ ។

ការសម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស» (VENUS Academy&Clinic) នេះ ត្រូវបានក្រសួងសុខាភិបាល អះអាងថា ដោយសារមូលហេតុ នៃការផ្តល់សេវាកែសម្ផស្ស គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ការវះកាត់កែសម្ផស្សមិនគោរពតាមបទដ្ឋានបច្ចេកទេស ធ្វើអោយប៉ះពាល់ដល់សុខភាពអតិថិជន និង មានចេតនាគេចវេសមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ជាមួយគ្នានេះ បើតាមសម្តីរបស់ជនរងគ្រោះដែលសុំលាក់អត្តសញ្ញាណ បង្ហើបប្រាប់ថា មូលហេតុដែលខ្លួនសម្រេចចិត្តទៅកែសម្ផស្សនៅគ្លីនិកគ្មានច្បាប់ឈ្មោះ «វីនេស» (VENUS Academy&Clinic) នេះ គឺ ដោយសារតែខ្លួនជឿតាមសម្តីលួងលោមរបស់បុគ្គលឈ្មោះ ឡេង ថាវី និង ឈ្មោះ Nguyen Thi Phuong ព្រមទាំងបុគ្គលដែលខ្លួនស្គាល់ឈ្មោះតាម ហ្វេសប៊ុក Cham Chetra (Hong Cham) ។

ជនឆបោកទាំង៣នាក់ បានអះអាងថា ខ្លួនជាគ្រូពេទ្យជំនាញកែសម្ផស្សនៅមជ្ឈមណ្ឌលកែសម្ផស្សមួយនេះ ទើបខ្លួនសម្រេចចិត្តទៅធ្វើការវះកាត់កែច្រមុះដោយបុគ្គល ឈ្មោះ ឡេង ថាវី និង Nguyen Thi Phuong ព្រមទាំង Cham Chetra សន្យាថា នឹងយកឆ្អឹងខ្ចីមកតខ្ទង់ វិញ ។

ប៉ុន្តែក្រោយពីការវះកាត់រួច ខ្លួនមានអាការៈថប់ដង្ហើម និង មានហូរឈាមលាយខ្ទុះ និងមានការឈឺចុកចាប់ខ្លាំង ទើបខ្លួនសម្រេចចិត្តទៅរកពេទ្យឯកទេស ដើម្បីធ្វើការព្យាបាល ទើបដឹងបុគ្គលឈ្មោះ ឡេង ថាវី និង Nguyen Thi Phuong ព្រមទាំង Cham Chetra បានវះកាត់ច្រមុះរបស់ខ្លួនដោយខុសបទដ្ឋានវេជ្ជសាស្រ្ត ។

ជាចុងក្រោយ ជនរងគ្រោះ បានសំណូមពរឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ មុននឹងសម្រេចចិត្តទៅកែសម្ផស្ស ត្រូវពិនិត្យមើលថា តើ គ្លីនិក នោះ មានការទទួលស្គាល់ពីក្រសួងសុខភិបាលដែរឬទេ ជៀសវាងជួបប្រទះរឿងអកុសលដូចជាខ្លួន ។

តាមរយៈប័ណ្ណពន្ធប៉ាតង់ឆ្នាំ២០២០ បង្ហាញថា សហគ្រាស វីនេស អេឃើដឹមី & គ្លីនិក ឯ.ក នេះ មានម្ចាស់ឈ្មោះ NGUYEN THI PHUONG មានសញ្ជាតិវៀតណាម ៕ ដោយ៖ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print