ភ្នំពេញ៖ អគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ កំពុងវាយលុក ប៉ៈពាល់លំនៅដ្ឋានប្រជាពលរដ្ឋ និងជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា៖ ថ្លែងក្នុងpage Facebook ផ្លូវការនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២០នេះមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានបញ្ជាក់ថា៖ ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃបណ្ដាអង្គភាព តំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់។
សូមជម្រាបថា៖ រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយលុក ប៉ៈពាល់លំនៅដ្ឋានមួយចំនួនរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវឱ្យ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេល តាមតំបន់ភូមិសាស្ត្រដែលមានជំនន់៕
ដោយ៖ សិលា