ខេត្តបន្ទាយមានជ័យ ÷គិតមកត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២០នេះមានភ្លៀងធ្លាក់មធ្យមនៅទូទាំងស្រុកក្រុងទូទាំង៩នៃខេត្តបន្ទាយមានជ័យ ក្នុងនោះទឹកស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបូរី បាននិងកំពុងហក់ឡើងខ្លាំងនិងទឹកហូរធ្លាក់ពីតាមអូរព្រំដែនប្រទេសថៃនៅបន្តកើនឡើង បណ្តាលឲ្យលិចតាមតំបន់ទំនាប ភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ពន្ធ័មួយចំនួន។
តាមរបាយការណ៍ឲ្យដឹងថា ខេត្តបន្ទាយមានជ័យមានស្រុកក្រុងចំនួន៨បានរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមទាំងធ្វើឲ្យមនុស្ស៣នាក់លង់ទឹកស្លាប់ ក្នុងនោះមានកុមារម្នាក់ លិចលំនៅដ្ឋាន១២២៥ខ្នង និងពលរដ្ឋចំនួន២៨៤គ្រួសារត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ស្រែចំនួន១៤៨១ហិកតា ចម្ការដំឡូងមី១០៩០ហិកតា ក្នុងនោះដំណាំរួមផ្សំ ៣១ហិកតា សាលារៀន១២សាលាត្រូវបានផ្អាកការរៀនសូត្រ វត្តចំនួន៣ ផ្លូវ៥៨កន្លែងប្រវែង ១១,៣៩៥ម៉ែត្រត្រូវជន់លិច។រួមទាំងស្រុកក្រុងចំនួន៨ទទួលរងផលប៉ះពាល់មាន
1. ក្រុងសិរីសោភ័ណ លិចលំនៅដ្ឋានចំនួន១៤ខ្នង ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព១០គ្រួសារ
2. ក្រុងប៉ោយប៉ែត លិចតំបន់ទីប្រជុំជនខ្លះដោយសារទឹកហូរចូលលូមិនទាន់។ក្នុងករណីនេះ រដ្ឋបាលក្រុងបានចាត់វិធានការកាយបង្ហូរអស់ហើយ
3. ស្រុកអូរជ្រៅ លិចលំនៅដ្ឋាន ១៨៦ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន៩១គ្រួសារ លិចផ្លូវក្រួសក្រហម៩កន្លែងប្រវែង៥០០ម៉ែត្រ។
4. ស្រុកស្វាយចេក មនុស្សលង់ទឹកស្លាប់ម្នាក់ លិចសាលារៀន៣សាលា លិចដំឡូងមី៣៧៧ហិកតា ផ្លូវក្រាលក្រួសក្រហម២០កន្លែងប្រវែង១២៩៦ម៉ែត្រ ។
5. ស្រុកព្រះនេត្រព្រះ លិចសាលា ២សាលា ផ្លូវក្រួសក្រហម៧កន្លែងប្រវែង២៩៦០ម៉ែត្រ ។
៦. ស្រុកថ្មពួក លិចលំនៅដ្ឋាន៤៦ខ្នង សាលារៀន៣សាលា លិចស្រូវ៧៥ហិកតា ដំឡូងមី៧១២ហិកតា លិចផ្លូវក្រួសក្រហម០៤កន្លែងប្រវែង៣១០ម៉ែត្រ។
៧.ស្រុកមង្គលបូរី មនុស្សលង់ទឹកស្លាប់ម្នាក់ លិចលំនៅដ្ឋាន១៣៧ខ្នង សាលារៀន២សាលា វត្តមួយ លិចស្រូវ១០៧៨ហិកតា លិចក្រួសក្រហម៨កន្លែងប្រវែង១៦២០ម៉ែត្រ។
៨.ស្រុកម៉ាឡៃ មនុស្សលង់ទឹកស្លាប់ម្នាក់ លិចលំនៅដ្ឋានចំនួន៨៤២ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន១៨៣គ្រួសារ សាលារៀនមួយសាលា លិចស្រូវ៣០ហិកតា។
ក្នុងស្ថានភាពទឹកជំនន់នេះដែរ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រីបានអញ្ជើញចុះផ្ទាល់ដើម្បីពិនិត្យស្ថានភាពទឹកនិងដឹកនាំកម្លាំងជួយអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះ និងនាំយកមកកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានោះសម្រាប់ពលរដ្ឋដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់លោកអភិបាលខេត្តក៏បានចូលរួមជាថវិការៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។
សូមបញ្ជាក់ផងដែរថា ទឹកជំនន់អាចនឹងបន្តហក់ឡើងហើយធ្វើឲ្យចំនួនពលរដ្ឋរងគ្រោះមានការកើនឡើងបន្ថែមទៀត ដូច្នេះដើម្បីត្រៀមបង្ការទប់ស្កាត់ជួយសង្រោះឲ្យបានទាន់ពេលវេលា គ្រប់កងឯកភាពចំណុះ មានកម្លាំងកងរាជអាវុធហត្ថ នគរបាល យោធា បានបញ្ចេញកម្លាំងចំណុះដោយបំពាក់ឧបករណ៍សុវត្ថិភាព មធ្យោបាយគ្រប់ប្រភេទចេញជួយធ្វើអន្តរាគមន៍នៅតាមមូលដ្ឋានដែលរងនូវផលប៉ះពាល់ផងដែរ
ដើម្បីជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ÷ វណ្ណា