ភ្នំពេញ៖ កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ( ឆ្កឹះសោរ បន្ទប់យកសម្ភារៈ) ។
ប្រព្រឹត្តកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១ បន្ទប់លេខ៦ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប៉ុស្តិ៍បឹងសាឡាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សំដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានទីលំនៅដើមភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្ន ពុំពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះ ឆាន ប៊ុនរី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតសាកលវិទ្យា ល័យបញ្ញាជាតិ ស្នាក់នៅផ្ទះជួលលេខ១ បន្ទប់ លេខ៦ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានដោះគ្រឿងអល្លងការ ,កាបូបលុយ និង ទូរស័ព្ទទុកនៅក្នុងបន្ទប់ ដោយបានបិទទ្វារចាក់សោរ ហើយទៅហូបបាយថ្ងៃត្រង់ជាមួយមិត្តភក្តិនៅក្នុង បន្ទប់លេខ៨ (ល្វែងជាប់គ្នា ) ពេលហូបបាយរួច បានដើរត្រឡប់មកបន្ទប់វិញ ស្រាប់តែឃើញជន សង្ស័យស្ទុះរត់ចេញពីបន្ទប់ ភ្លាមនោះជនរងគ្រោះ បានរត់ដេញតាមព្រមទាំងស្រែកចោរៗ ទើបមាន ការអន្តរាគមន៍ពីកំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ បឹងសាឡាង បានដេញតាមឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង (សម្ភារៈរបស់ជនរងគ្រោះ)នៅ ចំណុចមុខផ្ទះលេខ៣៦អា ផ្លូវលេខ២១៨ ក្រុម ទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រីឯវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន ៖ កូនកាបូបមួយមានលុយចំនួន ១១០$ ,ទូរស័ព្ទ ០២គ្រឿងម៉ាក I phone 6 ពណ៌ទឹកមាស និង ម៉ាក Camfone ពណ៌ទឹកមាស , ផ្លាកដៃប្លាទីន ០១ខ្សែ ទម្ងន៥,៥ជី , ជញ្ជៀនប្លាទីន០១វង់ ទម្ងន់ ២ជី ,នាឡិកាខ្សែស្បែក ចំនួន០៣គ្រឿង(ជារបស់ ជនរងគ្រោះ បានប្រគល់ឱ្យជនរងគ្រោះវិញ ) ដែកកែច្នៃសម្រាប់ឆ្កឹះគ្រាប់សោរ ចំនួន០២ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ស ដារ៉ា