ភ្នំពេញ៖ ពិតជាស្ងើចសរសើរពីទឹកចិត្តអតីតតារាបង្ហាញម៉ូត និងពិធីករ អ្នកនាង អ៊ឹម សុគន្ធា ដែលបានចំណាយថវិការផ្ទាល់ខ្លួនប្រមាណ៤ពាន់ដុល្លារអាមេរិកធ្វើបុណ្យចែកទានដល់ក្រុមបុរសវ័យចំណាយមានមុខរបរជាអ្នកធាក់ស៊ីក្លូ ។ កម្មវិធីនេះចំថ្ងៃខួបកំណើតផ្ទាល់របស់នាងដែលជាការរំលឹកនឹកគុណដល់វីរភាពរបស់ឪពុកនាងដែលធ្លាប់ប្រកបរបរជាអ្នកធាក់ស៊ីក្លូចិញ្ចឹមជិវិតក្រុមគ្រួសារ។
អ្នកនាង អ៊ឹម សុគន្ធា បានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដោយមិនលាក់លៀមថាអ្នកនាងធ្លាប់មានឪពុកដែលប្រកបរបរធាក់ស៊ីក្លូកាលពីមុន ។ ជាហេតុដែលនាងមិនអាចខកខានធ្វើបុណ្យចែកទានដល់ពួកគាត់ដែលបានលះបង់ និងតស៊ូសម្រាប់ចិញ្ចឹមជិវិតក្រុមគ្រួសារដូចឪពុកនាងផងដែរ។ ការចែកទាននេះត្រូវបានធ្វើឡើងពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នៅវត្តនាគវ័ន្ត ដែលយ៉ាងហោចណាស់មានបុរសចំណាស់មានមុខរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញនិងមានជីវភាពខ្វះខាតចំនួន១៣២នាក់ បានទទួលអំណោយជាសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគពីអ្នកនាង និងស្វាមីដែលគេស្គាល់ដែរថាជាអតីតសិល្បករលោក គង់ រ៉ាយុទ្ធ ។
មូលហេតុនេះ នាងសម្រេចចិត្ត ធ្វើបុណ្យប្រគេនទ័យទានជូនព្រះសង្ឃ និង ចែកអំណោយជូនៗដល់ចាស់តាៗពូៗស៊ីក្លូប្រមាណ១៣២នាក់ ដោយមុនកម្មវិធីគ្រោង១០០នាក់ប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកនាងធ្លាប់លោកពុកជាអ្នកធ្លាប់រត់ស៊ីក្លូ ដើម្បីចិញ្ចើមគ្រួសារតាំងជំនាន់សង្គមដើមមកម្ល៉េះ ជាហេតុនាំឱ្យអ្នកនាងចាំភ្លេចដល់រឿងរ៉ាវធាក់ស៊ីក្លូ និង នឹកដល់គុណលោកឪពុក។បានបង្ហើបឱ្យដឹងទៀតថា កម្មវិធីសប្បុរសធម៌លើកនេះ នាងបានចំណាយប្រហែលជាខ្ទង់ជិត៤ពាន់ដុល្លារ សម្រាប់ការឧបត្ថម្ភជាអំណោយនិងថវិកា។ នាងនៅតែបន្តឆន្ទៈជួយដល់អ្នកក្រីក្រ និងអ្នកខ្វះខាតជាប់ជានិច្ច ដោយតាមគន្លងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកាត់បន្ថយភាពក្រីក្រ និងជួយគាំទ្រដល់អ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ។ អ្វីដែលជាសំខាន់នោះ ប្រាក់ចំណេញពីមុខរបបគ្រឿងសម្អាងនិងអនឡាញរបស់ក្រុមហ៊ុន របស់អ្នកនាងនោះ នឹងដកមកជួយសង្គមនិងអ្នកក្រីក្របន្តទៀត។ នាងសន្យានឹងឧស្សាហ៍ចេញមុខដើម្បីសង្គម និងជួយប្រជាពលរដ្ឋដែលជួបការលំបាកមានការខ្វះខាត។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៃរដូវកាលវិបត្តិកូវិដ១៩ តារាបង្ហាញម៉ូតនិងសម្តែងរូបស្រស់អ្នកនាង អ៊ឹម សុគន្ធា និងស្វាមីរបស់នាងគឺលោក គង់ រ៉ាយុទ្ធ ដែលតារាដូចគ្នាបានបង្ហាញរួមគ្នានៅអង្គការពន្លឺអនាគត ដោយឧបត្ថម្ភថវិកាជួយក្មេងៗកំព្រានិងក្រីក្រជាច្រើននាក់នៅទីនោះផងដែរ៕ ដោយ៖វឌ្ឍនា