ខេត្តបន្ទាយមានជ័យ ៖ រោងកម្មករស្នាក់នៅ១ខ្នងត្រូវអគ្គីភ័យឆាបឆេះតែមិនមានអ្នករងគ្រោះ
កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករជាច្រើននាក់បានចេញទៅធ្វើការសំណង់បាត់នៅសល់តែអ្នកចាំ។ ព្រោះអ្នកចាំផ្ទះដាំបាយសម្រាប់អោយក្រុមកម្មករហូប ស្រាប់តែកំប៉ុងហ្គាសដែលកំពុងដាក់ក្នុងចង្ក្រាននោះផ្ទុះឡើងបណ្តាលអោយមានការឆាបឆេះតែម្តង។ ស្របពេលនោះពលរដ្ឋជិតខាងបានចេញមកជួយពន្លត់ តែអណ្តាតភ្លើងខ្លាំងមិនអាចជួយពន្លត់បានមួយសន្ទុះក្រោយមកទើបមានកងអន្តរាគមន៍ដឹកនាំដោយលោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងកម្លាំងអង្គភាពទាំង៣មានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ អធិការនគរបាលក្រុងសេរីសោភ័ណ
និងកម្លាំងយោធា បានបញ្ចេញឡានទឹករបស់អធិការនគរបាលក្រុងស្រីសោភ័ណមួយគ្រឿងជួយបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំមួយម៉ោងក្រោយមកទើបភ្លើងរលត់ជាស្ថាពរ។ លោក ហុឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងថាករណីឆេះរោងកម្មករនេះអាចបណ្តាលមកពីការប្រើប្រាស់កំប៉ុងហ្គាសចាស់ពេក ឬក៏កំប៉ុងមានច្រេះស៊ីខ្លាំងទើបបណ្តាលសំបកកំប៉ុងស្តើងទើបបង្កអោយផ្ទុះ សំណាង អ្នកដាំបាយគេចផុតពីគ្រោះអគ្គីភ័យនេះ ដោយខូចខាតតែទ្រព្យសម្បត្តិតិចតួច និងរោងស្នាក់នៅតែប៉ុណ្ណោះ៕វណ្ណា