នៅថ្ងៃទី១២ខែតុលា ក្រុមមុជទឹកមកពីកម្លាំងទាហាន ជើងទឹកប្រទេសប៉ូឡូញ បានចាប់ផ្តើមស្រង់គ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ ។ គ្រាប់បែកនោះមានទម្ងន់ដល់ទៅ៥តោន ស្ថិតនៅបាតទន្លេជីក ជិតដែនសមុទ្រ បាល់ទិក។
គ្រាប់បែកខាងលើមានរហស្សនាមថា “Tallboy” (គ្រាប់បែករញ្ជួយដី) ត្រូវបានកម្លាំងទាហានអាកាស ប៉ូឡូញទម្លាក់ នៅក្នុងការវាយប្រហារទៅលើ នាវាចម្បាំងរបស់ទាហានហ្វាស៊ីដអាល្លឺម៉ង់នៅឆ្នាំ១៩៤៥។
គ្រាប់បែកខាងលើត្រូវបានរកឃើញនៅឆ្នាំ២០១៩ ក្នុងពេលដែលស្តាព្រែកជីក ជិតកំពង់ផែ Swinoujscie ភាគខាងលិចប្រទេសប៉ូឡូញ។ អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រ លោក Grzegorz Lewandowski បានបញ្ជាក់ថា នេះជាភារកិច្ច ដំបូងរបស់កម្លាំងទាហានជើងទឹកប៉ូឡូញដែលត្រូវស្រង់គ្រាប់បែក ប្រភេទTallboy ដែលមិនទាន់មានប្រទេសណាមួយ ស្រង់នោះឡើយ។
មានពលរដ្ឋ៧៥០នាក់ក្នុងតំបន់ក្បែរនោះ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព មានចម្ងាយពីទីកន្លែងដោះគ្រាប់បែក២,៥ គីឡូម៉ែត្រ ។ សកម្មភាពដោះគ្រាប់បែក នឹងអូសបន្លាយរយៈពេល៥ថ្ងៃ។
សារព័ត៌មាន AFP បានផ្សាយថា គ្រាប់បែក មានប្រវែងដល់ទៅ៦ម៉ែត្រ មានរំសេវផ្ទុះដល់ទៅ២,៤តោន ស្មើរំសេវ TNT ៣,៦ តោន។ គ្រាប់បែកTallboys ត្រូវបានផលិតឡើងក្នុងគោលដៅបំផ្លាញទីតាំងនៅក្រោមដី៕