ក្នុងពេលដែលប្រទេស មួយចំនួនក្នុងតំបន់មានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ ប្រទេសថៃក៏បានរិតបន្តឹង ការធ្វើដំណើរ នៅតាមតំបន់ព្រំដែនជាប់ប្រទេសមីយ៉ានម៉ា។ សន្តិសុខនៅតាមច្រកទ្វារព្រំដែនខេត្តចំនួន១០របស់ថៃ ត្រូវបានរិតបន្តឹង ក្រោយរកឃើញមានពលរដ្ឋមីយ៉ានម៉ា ៣នាក់ ទៅកាន់ប្រទេសថៃ ឆ្លងកាត់ស្រុក Mae Sotខេត្តTak រកឃើញឆ្លងកូវីដ១៩។
បណ្តាខេត្តដែលត្រូវរឹតបន្តឹងសន្តិសុខនោះគឺ ខេត្ត Kanchanaburi, Chumphon, Chiang Rai, Chiang Mai, Tak, Prachuap Khiri Khan, Phetchaburi, Mae Hong Son, Ranong និង Ratchaburi។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃ លោក Chatchai Phromlert បានឲ្យដឹងថា បានប្រគល់តួនាទី ដល់ចៅហ្វាយខេត្តក្នុងការតាមដានស្ថានភាព នឹងទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ក្រុមសន្តិសុខយាមត្បាតតាមបណ្តោយព្រំដែនត្រូវបានរិតបន្តឹង ទប់ស្កាត់ការឆ្លងចូលពីមីយ៉ានម៉ាខុសច្បាប់ ហើយនាំទាំងវីរុសកូវីដ១៩ ចូលថៃ។ បច្ចុប្បន្ន មីយ៉ានម៉ាមានករណីឆ្លងថ្មីកើនឡើងខ្ពស់បំផុត។
ពាក់ព័ន្ធកូវីដ១៩ នៅក្នុងប្រទេសថៃ វិញ គិតដល់ថ្ងៃទី១២ខែតុលា ថៃរកឃើញមានករណីឆ្លងថ្មី ៥នាក់ ក្នុងនោះមាន៣នាក់ ជាមនុស្សដែលបានធ្វើចត្តាឡីស័ក និងពីរនាក់រកឃើញនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិ (Suvarnabhumi)។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ទៅ 3.641 និងស្លាប់ជាង 59 ៕