លោកកើត ឆែ៖ នៅដើមឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុនដែលមានស្តង់ដារអន្តរជាតិចំនួន៣នឹងចេញ ប្រតិបត្តិការលើការប្រមូលសំរាមនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនដឹកសំរាមចំនួន៣ដែលជាក្រុមហ៊ុនមានលក្ខណៈអន្តរជាតិ នឹងចេញប្រតិបត្តិការលើការប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២១ខាងមុខនេះហើយ ក្រោយពីក្រុមហ៊ុនទាំងបីនេះបានសម្រេចជ្រើសរើសជាប់ ។
នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះមានក្រុមហ៊ុន៦ដែលយើងបានជ្រើសរើសរួចហើយ ហើយនៅក្នុងខែតុលានេះក្រុមហ៊ុនទាំង៦នេះយើងនឹងត្រូវជ្រើសរើសយកក្រុមហ៊ុនតែចំនួន៣ប៉ុណ្ណោះដើម្បីចេញប្រតិបត្តិការលើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង៣នេះជាប្រភេទក្រុមហ៊ុន មានលក្ខណៈអន្តរជាតិ ហើយរថយន្តដែលត្រូវយកមកប្រើប្រាស់លើការដឹកសំរាមទាំងនេះយ៉ាងអន់ណាស់ក៏មានស៊េរីនៃឆ្នាំផលិតចាប់ពីឆ្នាំ២០១៥ឡើងទៅដែរ ដោយត្រូវបែងចែកជា៣តំបន់និងស្ថិតក្រោមការប្រកួតប្រជែងគ្នា ។
លោកបានបន្តថា ក្រោយពីសម្រេចជ្រើសរើសក្រុមហ៊ុនបីនេះហើយ យើងនិឹងទុករយៈពេលបីខែសម្រាប់ឱ្យក្រុមហ៊ុននីមួយៗរៀបចំក្រុមហ៊ុនរបស់ខ្លួន ពោលគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រុម
ហ៊ុនទាំង៣នេះ នឹងចាប់ផ្ដើមប្រតិបត្តិការប្រមូលសំរាមជាផ្លូវការហើយ។ នេះជាការកែទម្រង់ថ្មីមួយទៀតទៅតាមការអភិវឌ្ឍរាជធានីភ្នំពេញ ដែលកាន់តែមានសុខភាពស៊ីវិល័យ ។ សំរាមត្រូវបានដឹកបញ្ជូនចេញពីរាជធានីភ្នំពេញ និងបញ្ជូនបន្តទៅដុតចោលដោយមិនទុកឲ្យគរចោលដូចសព្វថ្ងៃនេះទេ។
លោកក៏បានបញ្ជាក់ផងដែរថា ការធ្វើកូដកម្មមិនព្រមចូលធ្វើការរបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី គឺជាការធ្វើកូដកម្មដែលមានចេតនាមិនព្រមចូលធ្វើការវិញ និងមានអ្នកនៅពីក្រោយខ្នងនៃការធ្វើកូដកម្មនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញនៅតែដុតដៃដុតជើង ដើម្បីធ្វើការប្រមូលសំរាមឲ្យអស់ពីរាជធានីភ្នំពេញ បើទោះបីយើងប្រមូលមិនបាន ១០០ភាគរយក៏ដោយ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានបញ្ជាក់ផងដែរថា បញ្ហាសំរាមជាបញ្ហាធំមួយដែលយើងត្រូវយកចិត្តទុកដាក់ ។ កម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មមិនព្រមប្រមូលសំរាមគឺពិតជាធ្វើឲ្យយើងលំបាកហើយ ។ មន្ត្រីយើង អាជ្ញាធរដែនដី
យើង ក្រៅពីការងារបម្រើសេវាជូនប្រជាពលរដ្ឋហើយនោះ យើងនៅបានលាត់ដៃអាវ លាត់ជើងខោចុះប្រមូលដឹកជញ្ជូនសំរាម មិនថាពេលថ្ងៃឬយប់រំលងអធ្រាត្រនោះទេ ។នេះជាការខិតខំប្រឹងប្រែងរបស់មន្ត្រីយើង។
លោកបញ្ជាក់ផងដែរថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើផ្ទាល់មាត់ចំនួន១៨នាក់និងសំណើសំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១៧ច្បាប់ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ ហើយអ្វីដែលជាការលើកឡើងជាសំណើនិងសំណូមពរនោះ ភាគច្រើនគឺពួកគាត់ជំរុញឱ្យមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ពិសេស ការស្ថាបនា ការជួសជុលផ្លូវ លូ ការបំពាក់ភ្លើងបំភ្លឺសាធារណៈជាមួយនឹងការជំរុញការដឹកជញ្ជូនសំរាមផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print