ភ្នំពេញ៖ សាលប្រជុំអគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺនឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ។
ការងារហ្វឹកហ្វឺនរបស់កងទ័ព គឺមិនត្រូវបានបញ្ឈប់នោះទេ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ កងទ័ពនៅតែអាចជំនះបាននូវរាល់ឧបសគ្គ ជាក់ស្ដែងបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលបានបណ្ដាលឱ្យមនុស្សជាច្រើនក្នុងពិភពលោកបានស្លាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសុខភាពសាធារណៈ ប៉ុន្តែកងទ័ពកម្ពុជានៅតែបន្តការងារហ្វឹកហ្វឺនតាមផែនការដែលបានកំណត់ ដែលការចាត់តាំងហ្វឹកហ្វឺននាពេលកន្លងមក ក៏ដូចជាក្នុងពេលថ្មីៗនេះ មិនគ្រាន់តែជាការបង្កើនសមត្ថភាពឱ្យដល់កងទ័ពប៉ុណ្ណោះទេ តែក៏ជាកិច្ចឆ្លើយតបទៅនឹងសំណូមពរនៃគោលការណ៍ធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេលយូរអង្វែងផងដែរ។
សូមជម្រាបជូនថា ៖ នាពេលថ្មីៗនេះប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពគ្រោះទឹកជំនន់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងការប្រកបការងារផ្សេងៗរបស់ប្រជាពលរដ្ឋ ដែរយើងសង្កេតឃើញថាកងទ័ពជាកម្លាំងដ៏ម៉ុតស្រួចមុនគេ ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ និងមិនប្រកាន់និន្នាការយោបាយអ្វីឡើយ៕
ដោយ៖ សិលា