ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

ចែករំលែក៖

ក្រុមជ​ម្រើសជាតិព័រទុយហ្គាល់បានបន្តឈ្នះគូប្រកួតក្នុងកម្មវិធី National League កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល៣ទល់០ ដោយគ្មានកីឡាករឆ្នើម Cristiano Ronaldo។ ក្រោមការដឹកនាំរបស់លោក Fernando Santos ព័រទុយហ្គាល់ធ្វើបានល្អដោយ៤ប្រកួតក្នុងកម្មវិធីប្រកួតខាងលើមិនដែលស្គាល់រសជាតិចាញ់នោះទេ។

ការប្រកួតជាមួយស៊ុយអែតកាលពីយប់មិញក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានគ្រប់គ្រងបាល់បានច្រើន ជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ព័រទុយហ្គាល់រកគ្រាប់បាល់បាន២គ្រាប់គឺគ្រាប់ទី១ រកបានដោយកីឡាករ Bernardo Silvaនៅនាទីទី២១ និងគ្រាប់ទី២រកបានដោយកីឡាករ Diogo Jota នៅនាទីទី៤៤ ។

ចូលដល់តង់ទី២ ព័រទុយហ្គាល់បានព្យាយាមសម្រុកទៅលើក្រុមស៊ុយអែតបន្តទៀតរហូតដល់នាទីទី៧២ កីឡាករ Diogo Jota ដដែលបានបន្ថែម១គ្រាប់ទៀតធ្វើឲ្យព័រទុយហ្គាល់ឈ្នះក្រុមស៊ុយអែតក្នុងលទ្ធផល ៣ទល់០។

លទ្ធផលនេះធ្វើឲ្យក្រុមព័រទុយហ្គាល់បន្តឈរកំពូលតារាងដោយមាន១០ពិន្ទុស្មើជាមួយក្រុមលេខ២ បារាំងដែលមាន១០ពិន្ទុដែរ ប៉ុន្តែចាញ់គ្រាប់បាល់ចំណេញនៅកម្មវិធី National League ក្នុងពូលLeague A សម្រាប់ Group 3។ ការប្រកួតជាមួយស៊ុយអែតនេះគឺគ្មានវត្តមានកីឡាករសំខាន់ និងជាប្រធានក្រុមCristiano Ronaldo ទេ ដោយសាររូបគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែតុលា ហើយត្រូវបានខកខានចូលរួមក្នុងជម្រើសជាតិ និងកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។

សូមបញ្ជាក់ថា ការប្រកួតកាលពីរាត្រីម្សិលមិញក្រុមខ្លាំងៗមួយចំនួនក៏បន្តយកឈ្នះគូប្រកួតដែរ ដោយក្រុមជម្រើសជាតិប៉ូឡូញឈ្នះក្រុមបូស្នៀ៣ទល់០​, ដាណឺម៉ាកឈ្នះក្រុមអង់គ្លេស១ទល់០, បារាំងឈ្នះក្រុមក្រូអាត២ទល់១, បែលហ្ស៊ិកឈ្នះក្រុមអ៊ីស្លង់២ទល់១, អុីតាលីស្មើជាមួយក្រុមហុល្លង់១ទល់១, ហ្វាំងឡង់ឈ្នះសាធារណរដ្ឋអៀរឡង់១ទល់០, ន័រវេសឈ្នះអៀរឡង់ខាងជើង១ទល់០, អូទ្រីសឈ្នះរ៉ូម៉ានី១ទល់០, ស្កុតឡេនឈ្នះឆេក១ទល់០, អុីស្រាអែលឈ្នះស្លូវ៉ាគី៣ទល់២, រុស្ស៊ីស្មើជាមួយហុងគ្រី០ទល់០, ទួរគីស្មើជាមួយស៊ែប៊ី២ទល់២ និងវែលឈ្នះប៊ុលហ្គារី១ទល់០ ៕ដោយ៖ភារៈ

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print