ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះបានប្រកាសជូនដំណឹងស្តីពីផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវចាប់ពីចំណុចខ្លោងទ្វារវត្តព្រះអង្គគុហា ព្រែកសង្កែ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៨។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ប្រាប់ពីមូលហេតុថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះបានហូរច្រោះជើងទេរផ្លូវ និងកៅស៊ូ២ជាន់ដែលបង្កឱ្យបាក់
ស្រុត និងប៉ះតួផ្លូវ នៅគីឡូម៉ែត្រ១+៩០០ ប្រវែង១៥ម៉ែត្រ និងនៅគីឡូម៉ែត្រ២+៤០០ ប្រវែង៤០ម៉ែត្រ ហេីយបានបង្កការលំបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ។
លិខិតបានសរសេរបន្តថា ដើម្បីសម្រួលដល់ការធ្វេីដំណើរជៀសវាងនូវគ្រោះថ្នាក់ជាយថាហតុ និងដើម្បីទប់ស្កាត់ការបាក់ស្រុតបន្ថែមទៀតនោះ រដ្ឋបាលខេត្តកំពង់ចាមសូមប្រកាសជូនដំណឹងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវចាប់ពីចំណុចខ្លោងទ្វារវត្តព្រះអង្គគុហាព្រែកសង្កែ ស្ថិតនៅឃុំព្រែកកក់ រហូតដល់ចំណុចជើងភ្នំព្រែកសង្កែ ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដោយរង់ចាំការជួសជុលឡើងវិញពីក្រសួងអភិវឌ្ឍន៍ជនបទ។
លិខិតរដ្ឋបាលខេត្តកំពង់ចាមបានណែនាំ
លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទចរាចរណ៍លើកំណាត់ផ្លូវខាងលើជាបណ្តោះអាសន្ន និងបង្វែរចរាចរណ៍តាមកំណាត់ផ្លូវភ្នំព្រែកសង្កែវិញ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ និងធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវខាងលើឱ្យបានជ្រាបអំពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។
ហេតុដូចនេះសូមសាធារណជន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋជ្រាបជាពត៌មាន និងសូមប្រេីប្រាស់ផ្លូវផ្សេងវិញដេីម្បីសុវត្ថិភាពក្នុងការធ្វេីដំណេីរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ ៕ ដោយ ៖ វណ្ណៈ