កាលពីព្រេងនាយ មានបុរសម្នាក់ខ្ពើមក្ដី ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ ចាក់ធ្វើរូបសត្វផ្សេងៗ ហើយគិតថា «អញលក់ស្មុគទាំងអស់នេះ យកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែ ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា» ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគនោះ ធ្លាក់មិនតិចតួចធ្លាក់ទាល់តែភ្លាត់ជើងធ្លាក់ពីលើចុងត្នោត តែបុរសនោះប្រវាចាប់ចុងស្លឹកត្នោតជាប់ ដូចជាគេចង់ព្យួរតែកតោកនៅនោះ ។ បុរសនោះភ័យណាស់មិនដឹងបើនឹងគណនាឡើយ ។
ពេលនោះ បុរសម្នាក់ទៀតដែលខ្ពើមអាចម៍ ជិះនៅតែលើខ្នងដំរី ក៏បរដំរីនោះទៅ លុះដល់ក្រោមដើមត្នោត បុរសខ្ពើមក្ដីក្រឡេកឃើញ ក៏ស្រែកហៅថា «ឱ អ្នកជិះដំរី មេត្តាជួយយកអាយុខ្ញុំផង» ។ បុរសជិះដំរីក្រឡេកឃើញបុរសខ្ពើមក្ដីតោងធាងត្នោតព្យួរខ្លួននៅនោះ ក៏ឆ្លើយតបទៅវិញថា «មិនដឹងជួយដូចម្ដេចទេ» ។ បុរសនៅលើចុងត្នោតថា «អ្នកឯងបរដំរីមកទីខាងក្រោមខ្ញុំ ហើយអ្នកឯងឈរទាញជើងខ្ញុំចុះ» ។ បុរសជិះដំរីឮហើយ ក៏បរដំរីទៅពីខាងក្រោម រួចក្រោកឈរលើខ្នងដំរី លើកដៃប្រវាចាប់ជើង កំពុងតែចាប់ជើង ដំរីនោះដូចគេទទោកដេញវាៗ ដើរទៅ ។ បុរសពីរនាក់ក៏នៅព្យួរតែកតោកនៅនោះ ។ បុរសខាងលើភ័យពេក រាគអាចម៍ដាក់ក្បាលបុរសខាងក្រោម ។ បុរសពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្ដេច ។ ក្នុងវេលានោះ មានបុរសទំពែកទាំង៤ នាក់ដើររកស៊ីកាន់ក្ដី លុះដើរទៅដល់កន្លែងនោះបុរសពីរនាក់ដែលតោងធាងត្នោតនោះ ស្រែកថា « នែលោកទាំង ៤នាក់ដែលដើរ នោះមេត្តាជួយយកឲ្យខ្ញុំផង សឹមខ្ញុំទៅនៅជាខ្ញុំបម្រើលោក» ។ បុរសទំពែក ៤ នាក់ឮងើបមើលទៅ ឃើញបុរសពីរនាក់នោះ ក៏ជំនុំគ្នាថា «យើងទាំង៤នាក់តាំងពីដើររកស៊ីកាន់ក្ដីមក យូរថ្ងៃ-ខែ-ឆ្នាំ ហើយមិនដែលបានខ្ញុំប្រើសោះ ឥឡូវយើងគិតយកអាពីរនាក់នេះធ្វើជាខ្ញុំយើង » គិតដូច្នោះហើយ បុរសទាំង៤ នាក់ដើរចូលទៅក្រោមដើមត្នោត ក៏និយាយថា «យើងមិនដឹងធ្វើម្ដេចទេ» ។ បុរសពីរនាក់ថា «ឱ លោកអើយ! លោកយកសំពត់នោះចងនឹងកលោក ម្នាក់ ១ ជ្រុង ហើយឈរទាញឲ្យតឹងពីក្រោមខ្ញុំៗ នឹងទម្លាក់ខ្លួនទៅលើសំពត់នោះ» ។ បុរស ៤ នាក់ ស្ដាប់ហើយក៏ធ្វើតាមពាក្យបុរសពីរនាក់ ស្រេចហើយ បុរសពីរនាក់ទម្លាក់ខ្លួនមកចំសំពត់នោះ ។ ឯបុរសទាំង ៤ ក៏ទង្គិចក្បាលគ្នាស្លាប់អស់ទៅ ។ បុរសពីរនាក់ដឹងថាអ្នកទាំង ៤ នាក់ ស្លាប់ហើយភ័យណាស់ លុះយប់មានផ្ទះយាយចាស់ម្នាក់ប្ដីគាត់មិននៅ ទៅធ្វើចម្ការបុរសពីរនាក់ក៏នាំគ្នាសែងខ្មោចបុរសទំពែកទាំង៤ យកទៅដាក់នៅរានហាលផ្ទះនោះ ហើយនាំគ្នារត់បាត់ទៅ ។ លុះព្រឹកឡើង យាយចាស់ភ្ញាក់ពីដេកចេញទៅលុបមុខខាងក្រៅ ឃើញខ្មោចនោះហើយ ភ្ញាក់ព្រើតថា «យីខ្មោចអ្វីមកស្លាប់នៅនេះ?» ថាហើយក៏អូសខ្មោចនោះមួយម្ដង ៗ យកទៅដាក់ក្នុងផ្ទះ ហើយយកខ្មោចនោះមករុំសំពត់ស យកមកដាក់ខាងក្រៅផ្ទះ យំទួញថាប្ដីស្លាប់ ហើយដើរទៅរកអ្នកស្រុកឲ្យគេជួយយកទៅកប់ អ្នកស្រុកមកជួយយកខ្មោចនោះទៅកប់ ហើយត្រឡប់មកផ្ទះវិញ ។ លុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀត ប្រាប់គេថា «ប្ដីខ្លួនត្រឡប់មកវិញ» ។ អ្នកស្រុកគេក៏ជួយទៀត លុះខានស្អែកឡើង យាយធ្វើយ៉ាងនេះទៀត ទាល់តែគ្រប់ខ្មោចទាំង ៤ ។ អ្នកស្រុកគិតគ្នាថា «យើងទៅវាយខ្មោចនោះ ក្រែងមកទៀត» គិតហើយនាំគ្នាទៅចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់ ។ លុះព្រលប់តាប្ដីយាយនោះអស់អង្ករ ត្រឡប់ពីចម្ការមកយកអង្ករស៊ី លីឆ្នាំងមួយផង មកដល់ប្រទះនឹងពួកអ្នកស្រុកដែលគេចាំនោះ គេស្រែកថា «កនយើងមកទៀតហើយ» គេនាំគ្នាដេញវាយតាស្រែកថា «ខ្ញុំទេ ខ្ញុំមកពីចម្ការ »។ គេថា «អាឯងស្លាប់ទៅហើយមកវិញ ៤-៥ ដងឲ្យតែគេលំបាក» គេក៏វាយតានោះទាល់តែស្លាប់ទៅ ៕ ចប់
(ខ្ពើមអាចម៍ជិះដំរីំរី ខ្ពើខ្ពើមក្ដីឡើងចុងឈើ)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)