នៅថ្ងៃទី១៦ខែតុលា គណៈបញ្ជាការកម្លាំងទាហានចម្រុះ(JCS) របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើសមយុទ្ធយោធាជាប្រចាំមានឈ្មោះថាHogukនៅសប្តាហ៍ក្រោយ។
ការធ្វើសមយុទ្ធនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៩-៣០ខែតុលានៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោក និងអាកាស រួមទាំងកម្លាំងទាហានជើងទឹកវាយឡើងគោកផងដែរ។ យុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ នេះគឺបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទាហានទាំងអស់ក្នុងពេលមានសង្គ្រាម ។ តាមសេចក្តីប្រកាស សមយុទ្ធ Hoguk គឺជាសមយុទ្ធប្រចាំឆ្នាំរបស់កម្លាំងទាហានប្រទេសនេះ ដែលមានយុទ្ធសាស្ត្រការពារ និងត្រៀមតបតពេលផ្ទុះសង្គ្រាម។
ដោយសារតែកំពុងប្រឈមបញ្ហាជាច្រើន ពិសេសគឺការឆ្លងរាលដាលកូវីដ-១៩ ដូច្នេះការធ្វើសមយុទ្ធដូចកាលពីឆ្នាំ២០១៩ មិនពង្រីកធំជាងនេះឡើយ។ សមយុទ្ធចម្រុះ Hoguk បានចាប់ផ្តើមធ្វើដំបូងបង្អស់នៅឆ្នាំ១៩៩៦ ហើយតែងតែធ្វើឡើងរៀងរាល់ចុងឆ្នាំនិីមួយៗ ។ កូរ៉េខាងជើងតែងតែប្រឆាំងការធ្វើសមយុទ្ធនោះ ដោយចាត់ទុកថាមានយុទ្ធសាស្ត្រប្រឆាំងកូរ៉េខាងជើង។
ក្នុងពេលដែលកិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអាមេរិក ត្រូវជាប់គាំង កូរ៉េខាងជើងបានខិតខំផលិតអាវុធទំនើបៗជាច្រើន ពិសេសគឺកាំជ្រួចមីស៊ីល។កាលពីថ្ងៃទី១០ខែតុលាកន្លងមកកូរ៉េខាងជើងបានដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំក្នុងឱកាសខួបគម្រប់៧៥ឆ្នាំថ្ងៃបង្កើតបក្ស។ ក្នុងក្បួនព្យុហយាត្រា កូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីបប្រភេទថ្មីដ៏ទំនើប ដែលអាមេរិកនិងកូរ៉េខាងត្បូងមិនបានដឹងនោះឡើយ៕