កម្លាំងទាហានម៉ិចស៊ីកូនៅថ្ងៃ ទី១៦ ខែតុលាបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលាកម្លាំងទាហានជើងទឹកប្រទេសនេះចាប់បានគ្រឿងញៀនជាង២តោន ប្រភេទកូកាអ៊ីននៅតំបន់សមុទ្រ ជិតទីក្រុង Acapulco រដ្ឋ Guerrero។
ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹក បានឲ្យដឹងថាយន្តហោះស៊ើបការណ៍ បានរកឃើញកញ្ជប់ កូកាអ៊ីនអណ្តែតនៅលើផ្ទៃទឹក។ កម្លាំងទាហានបានចាត់បញ្ជូនទៅកាន់ទីនោះដើម្បីស្រង់គ្រឿងញៀនទាំងអស់មានដល់ទៅ ៩៥កញ្ចប់។
កម្លាំងទាហាន ម៉ិចស៊ីកូ បានប្រកាសឲ្យដឹងថា គ្រឿងញៀនខាងលើមានដល់ទៅជាងពីរតោន ហើយគ្រឿងញៀននោះមានជាប់ពាក់ព័ន្ធជាមួយការចាប់ខ្លួនបុរស៣នាក់កាលពីថ្ងៃទី៩ ខែតុលា។ មនុស្ស៣នាក់នោះត្រូវបានចាប់ខ្លួននៅតំបន់សមុទ្រ ក្រោយពេលព្យាយាមដឹកប្រេងប្រមាណ ២ពាន់លីត្រមិនដឹងប្រភព។ មន្ត្រីក្នុងតំបន់បានសន្និដ្ឋានថា មនុស្សទាំង៣នាក់ បានដឹកប្រេងទៅចាក់ឲ្យនាវាដឹកគ្រឿងញៀនចតនៅក្បែរៗនោះ។
មន្ត្រីម៉ិចស៊ីកូរបានឲ្យដឹងថា ភាគច្រើន គ្រឿងញៀនដែលចាប់បាននៅតំបន់សមុទ្រប្រទេសនេះគឺត្រូវក្រុមជួញដូរគ្រឿងញៀនបញ្ជូនមកពីតំបន់អាមេរិកខាងត្បូងឬអាមេរិកកណ្តាល ដើម្បីបន្តបញ្ជូនទៅកាន់ទីផ្សារ អាមេរិកមានតម្លៃថ្លៃ ។
តាមតួលេខពីរដ្ឋាភិបាលម៉ិចស៊ីកូរ បានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនចាប់បានគ្រឿងញឿនសរុបដល់ទៅ ២០តោន ក្នុងរយៈពេលពីខែមករាដល់ខែកញ្ញាឆ្នាំ២០២០គឺច្រើនជាង ៤៦ភាគរយបើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ២០១៩៕