សារព័ត៌មាន AFP បានផ្សាយថាកម្លាំងប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៤នាក់ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មដោយកាំបិតទៅលើលោកគ្រូបង្រៀនប្រវត្តិសាស្ត្រនៅសាលារៀនមួយក្នុងទីក្រុងប៉ារីស។
ជនជាប់ពាក់ព័ន្ធទាំង៤នាក់ដែលចាប់ខ្លួនបាន គឺជាសាច់ញាតិជនវាយប្រហារដែលត្រូវប៉ូលិសបាញ់សម្លាប់ ។ ការចាប់ខ្លួនខាងលើ កើតឡើងនៅវេលាម៉ោង ១៧ថ្ងៃទី១៦ ខែតុលា នៅតំបន់ Conflans-Sainte-Honorine ស្ថិតនៅក្នុងខេត្ត Yvelinesភាគខាងជើងរដ្ឋធានីប៉ារីស។
ជនដៃដល់បានប្រើកាំបិតអារ.កជនរងគ្រោះនៅកណ្តាលទីក្រុង ។ ជនដៃដល់មានដើមកំណើត Chechnya អាយុ១៨ឆ្នាំ ប៉ុន្តែកើតនៅទីក្រុងមូស្គូ ដោយបច្ចុប្បន្នរស់នៅក្នុងប្រទេសបារំាង។
តាមការស្រាវជ្រាវ ការវាយប្រហារសម្លាប់គ្រូបង្រៀងកើតចេញពីម៉ោងរៀន ដោយគ្រូបង្រៀននោះ ប្រើប្រាស់រូបត្លុក Mohammed នៅមុខសិស្សសាលា។ សកម្មភាពវាយប្រហារគឺមានចេតនាជាសកម្មភាពភេរវកម្ម។
រយៈពេលកន្លងមក បារាំងតែងតែរងការវាយប្រហារដោយកាំបិត កើនឡើងជាបន្តបន្ទាប់ ដោយកន្លងមកក៏មានការវាយប្រហារ នៅមុខការិយាល័យកាសែតត្លុករបស់បារាំងដែរ។ ទាំងនោះហើយបានធ្វើឲ្យកម្លាំងសន្តិសុខបារាំងត្រូវបង្កើនការយាមល្បាតទប់ស្កាត់ការវាយប្រហារកើតឡើង៕