ខេត្តក្រចេះ៖ ក្រុមចោរមួយក្រុមប្រដាប់ដោយអាវុធវែង,ខ្លី បានធ្វើសកម្មភាពចូលបាញ់ប្លន់ផ្ទះថៅកែទិញដំឡូងមី នៅចំនុចភូមិអូរតាញាណ ក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ខែកុម្ភៈ ។ ចំណែកលោកស្នងការរងនគរបាលខេត្តក្រចេះ បានអះអាងថា ករណីនេះគឺកម្លាំងនគរបាលកំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រកមុខសញ្ញា ហើយពេលនេះទទួលបានពន្លឺខ្លះៗហើយដែរ ។
ទោះជាយ៉ាងណា ក្នុងសកម្មភាពភ្ជង់ប្លន់របស់ជនសង្ស័យ ប្រដាប់ដោយអាវុធវែង,ខ្លី គឺពួកគេបានធ្វើសកម្មភាពភ្ជង់ បាញ់គំរាមម្ចាស់ផ្ទះជាច្រើនគ្រាប់ និងយកពូថៅដៃវាយជនរងគ្រោះ បណ្តាលឱ្យម្ចាស់ផ្ទះឱ្យរបួសធ្ងន់២នាក់ ។ ជានរងគ្រោះជាម្ចាស់ផ្ទះទាំងពីរ ទី១ឈ្មោះ ង៉ូវ ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ របួសចំដើមទ្រូងនិងជង្គង់ ទី២ឈ្មោះ ប៉ិ ភៀន ភេទស្រី អាយុ៦៥ឆ្នាំរបួសបែកក្បាល ។
ជាងនេះទៅទៀតក្រុមចោរប្រដាប់អាវុធទាំងនោះ ក៏បានធ្វើសកម្មភាពបាញ់រះមកលើមន្ត្រីនគរបាលបណ្តាលឱ្យរបួស២នាក់ផងដែរ ទី១ឈ្មោះ អ៊ុច សុផាណា ជានាយផ្នែកបច្ចែកទេស រហួសភ្លៅខាងឆ្វេង ទី២ឈ្មោះ គីម ឆៃលាង ជាមន្ត្រីផ្នែកសន្តិសុខ រងរបួសដៃខាងឆ្វេង ។
នគរបាលស្រុកស្នួលបានឲ្យដឹងថា ជនសង្ស័យក្នុងសកម្មភាពប្លន់នេះ គឺមានគ្នា៤នាក់ ប្រដាប់ដោយអាវុធអាកា២ដើម អាវុធខ្លីម៉ាកឡុក១ដើម និងពូថៅដៃ១ បានធ្វើសកម្មភាពចូលបាញ់ប្លន់ ផ្ទះពលរដ្ឋជាអ្នកប្រកបរបរទិញដំឡូងមី ក្នុងភូមិអូរតាញៀន ឃុំស្រែចារ ស្រុកស្នួល ។ លោកថា ក្រោយពីកើតហេតុកម្លាំងនគរបាលក៏បានទៅដល់ទីតាំងកើតហេតុ តែខណៈនោះក្រុមចោរប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពបាញ់រះ មកលើនគរបាលដើម្បីរំដោះខ្លួន ហើយក៏ត្រូវនគរបាលបណ្តាលឱ្យរបួស២នាក់ ហើយក្រុមចោរទាំងនោះបានរត់គេចចូលព្រៃបាត់ទៅ ។
យ៉ាងណាក៏ដោយនគរបាលនៅមិនទាន់បានកំណត់ថា ទ្រព្យសម្បត្តិជនរងគ្រោះដែលបាត់បង់ក្នុងអំពើប្លន់ប្រដាប់អាវុធនេះនៅឡើយទេ ក្នុងនោះមានទូដែកដាក់សម្ភារៈរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ មិនត្រូវបាត់បង់នោះទេ ដោយសារក្រុមចោរគាស់មិនរបើក ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានឱ្យដឹងថា ពេលនេះកម្លាំងជំនាញកំពុងតែចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា ហើយកម្លាំងជំនាញក៏បានកំណត់លើមុខសញ្ញាសង្ស័យបានត្រួសៗទៅហើយដែរ។ លោកបញ្ជាក់ថា នៅកន្លែងកើតហេតុ គឺសមត្ថកិច្ចបាករកឃើញសំបកគ្រាប់កាំភ្លើងអាកាចំនួន៧គ្រាប់ សំបកគ្រាប់កាំភ្លើងខ្លីម៉ាកឡុក១គ្រាប់ និងពូថៅដៃ១ ៕
ដោយ៖ កោះទ្រុង