ភ្នំពេញ៖ បន្ទាប់ពីមានការជន់លិចក្នុងសង្កាត់មួយចំនួននៃខណ្ឌដង្កោ រាជធានីភ្នំពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិចដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្តចូលទៅនៅជាបណ្តើរៗដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង ព្រមទាំងរៀបចំទុកដាក់សម្ភារដែលខូចខាត។
ដោយបានទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ដោយយកចិត្តទុកដាក់ផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តបញ្ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងលិចទឹក ដើម្បីចូលរួមជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ត ដោយជួយរៀបចំនិងដឹកជញ្ជូនសម្ភារនិងជូនពួកគាត់ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ចំពោះផ្ទះណាដែលអាចចូលនៅបាន ព្រមទាំងជួយដុសលាងបោសសម្អាតផ្ទះសម្បែងជូនដល់ពលរដ្ឋដែលត្រឡប់ចូលរស់នៅវិញ និងដឹកទឹកស្អាតជូនគាត់ប្រើប្រាស់យ៉ាងសកម្មផងដែរ ៕
ដោយ៖ ចន្ទ លីហ្សា