ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី 20 ខែតុលាឆ្នាំ 2020 នេះទឹកដែលបាក់ពីទំនប់អាងអូខៃដនបានហូរកាត់ផ្លូវជាតិលេខ៥នៅចំណុចមុខផ្លូវ 30 នៅក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ឡើយដោយសារស្ថានភាពទឹកកំពុងតែហូរខ្លាំង អាចបង្កឲ្យមានគ្រោះថ្នាក់។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាកម្លាំងទឹកដែលបាក់នៅអូខៃដនត្រង់ចំណុចខាងលើនេះ មានទឹកហូរខ្លាំងមិនអាចឲ្យប្រជាពលរដ្ឋបើករថយន្តធ្វើដំណើរឆ្លងកាត់បានឡើយ។
លោកបញ្ជាក់ថានៅពេលនេះកម្លាំងមូលដ្ឋានក៏ដូចជាកម្លាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏បានមកជួបជុំគ្នាដើម្បីជួយស្រង់ និងជួយសម្រួលប្រជាពលរដ្ឋដែលឆ្លងកាត់នៅតំបន់នេះដោយមិនអនុញ្ញាតឲ្យមានរថយន្តឆ្លងកាត់ឡើយដើម្បីទុកលទ្ធភាពឲ្យរថយន្តបើកបររបស់កងកម្លាំងដឹកប្រជាពលរដ្ឋឆ្លងកាត់។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរចរាចរណ៍នៅតំបន់នេះសិនព្រោះទឹកកំពុងហូរខ្លាំងដែលអាចបង្កឲ្យរថយន្តឬម៉ូតូមានគ្រោះថ្នាក់កើតឡើង។
គួរបញ្ជាក់ថាកម្លាំងទឹកដែលហូរទាំងសុ្រងមកពីប្រទេសថៃកំពុងតែមានការកើនឡើងមិនមានការស្រកនោះទេដែលធ្វើឲ្យទំនប់អូខៃដនទប់មិនជាប់៕
ដោយ÷វណ្ណា
ដោយ៖វណ្ណា