រថយន្តឡង់គ្រីស័របុករថយន្តឡិចស៊ីសនៅផ្លូវបំបែកជាបួនបណ្ដាលឲ្យខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡង់គ្រីស័របើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ បានបំពានភ្លើងស្តុបទៅបុករថយន្ត ឡិចស៊ីសកណ្ដាលភ្លើងស្តុបផ្សារទួលទំពូង បណ្ដាលឲ្យខូចខាតមួយចំហៀង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលេខ១៦៣កែងផ្លូវលេខ៤៣២ នៅចំណុចភ្លើងស្តុបផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX200t ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BN-6696 បើកបរដោយបុរសម្នាក់ និងមានស្ត្រីម្នាក់ទៀតជាប្រពន្ធរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈបើកមកដល់ចំណុចកើតហេតុ ភ្លើងស្តុបពណ៌បៃតង ក៏បន្តដំណើរឆ្លងកាត់ផ្លូវបែកជាបួនស្រាប់តែមានបុរសស្ត្រី២នាក់ជិះរថយន្តមួយគ្រឿង ម៉ាក TOYOTA LAND Cruiser ពាក់ស្លាកលេខភ្នំពេញ 2I-8647 ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន បានបុកចំចំហៀងខាងស្ដាំរថយន្ត LEXUS RX200t បណ្ដាលឲ្យខូចខាតមួយចំហៀងខាងស្ដាំពីមុខដល់ក្រោយ ចំណែកឯរថយន្ត Land Cruiser វិញខូចខាតមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាព តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print