ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិជាទីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត!
ខ្ញុំសូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ខ្ញុំបានទទួលនូវជំនួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា សរុប មានអង្ករចំនួន៣៧៥តោន, មី១០០កេស, ប្រាក់រៀល៩០លានរៀល និងប្រាក់ដុល្លារ២០០,៥០០ដុល្លារសហរដ្ឋអាមេរិក ។
សម្តេច ក្រឡាហោមបន្តថា៖ ជំនួយទាំងនេះ ខ្ញុំ និងសហការី បានរៀបចំបែងចែកជូនបងប្អូនជនរួមជាតិដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ពោលគឺជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។
ទន្ទឹមគ្នានេះដែរ ខ្ញុំក៏នៅតែបន្តទទួលបាននូវការចូលរួមចំណែកជាថវិកា គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់នានាជាបន្តទៀត ពីសំណាក់លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដើម្បីបន្តបែកចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់។
ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលបានឃើញបងប្អូនជនរួមជាតិយើង រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយល្អណាស់ នៅក្នុងពេលដែលជនរួមជាតិយើងមួយចំនួនបាននិងកំពុងរងគ្រោះដោយមហាន្តរាយជំនន់ទឹកភ្លៀងនេះ។
ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលមានទឹកចិត្តសប្បុរសចូលរួមបរិច្ចាកថវិកា គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដល់រូបខ្ញុំ ដើម្បីចាត់ចែងចែកជូនបងប្អូនជនរងគ្រោះនិង សូមជូនពរសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធពរ៤ប្រការ និងសូមជូនពរបងប្អនជនរួមជាតិឆាប់បានរួចចាកផុតពីគ្រោះមហន្តរាយនេះ ៕ ដោយ៖ សិលា