ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun ដែលជំនួបនេះបានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។
បន្ថែមពីនេះកិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ-១៩ នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។
លោកនាយករដ្ឋមន្ត្រីមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទី១ ពេលដែលគាត់ទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់៕
ដោយ៖ សិលា