ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំនិងភរិយា សូមផ្ញើជូននូវក្តីស្រឡាញ់ពីបេះដូងដល់ជនរួមជាតិទូទាំងប្រទេស!
ថ្ងៃទី ១៤ កុម្ភៈ គឺជាថ្ងៃអបអរសាទរនៃក្តីស្រឡាញ់ ដែលជាទិវាអន្តរជាតិ ភាសាអង់គ្លេសហៅថា (Valentine’s Day)។ ថ្ងៃនេះយើងចូលរួមបង្ហាញ និងផ្តល់នូវក្តីមេត្តាករុណា និងក្តីស្រឡាញ់ចំពោះខ្លួនយើងផង ចំពោះឪពុកម្តាយ អាណាព្យាបាល ជីដូនជីតា ប្តីប្រពន្ឋ កូនចៅ អុំ ពូម៉ីង មិត្តភក្តិ និងមិត្តរួមអាជីពការងារជាដើម។ល។ ខ្ញុំសង្ឃឹមថា សេចក្តីស្រឡាញ់ពីមនុស្សម្នាក់ និងចែករំលែកទៅដល់មនុស្សនៅជុំវិញខ្លួនយើងផង និងដល់មនុស្សជាច្រើននៅទូទាំងប្រទេស ទន្ទឹមនិងពិភពលោក កំពុងចូលរួមអបអរសាទរទិវានៃក្តីស្រឡាញ់នៅថ្ងៃនេះ។
ចំពោះយុវវ័យ គឺមិនត្រូវគិតថា ថ្ងៃនេះគឺជាថ្ងៃនៃបុណ្យសង្សារតែប៉ុណ្ណោះទេ តែជាថ្ងៃពិសេស ដែលក្មួយៗមានឱកាសបង្ហាញនូវក្តីស្រឡាញ់ចំពោះឪពុកម្តាយ ជីដូនជីតា លោកគ្រូ អ្នកគ្រូ និងមនុស្សដែលនៅជុំវិញខ្លួន ព្រោះក្តីស្រឡាញ់គឺជាសុភមង្គមសម្រាប់មនុស្សគ្រប់រូប ហើយ ដែលម្នាក់ៗអាចផ្តល់អោយគ្នាទៅវិញទៅមកបានគ្រប់ពេលវេលាទាំងអស់។
ខ្ញុំ និងភរិយាស្រឡាញ់ពលរដ្ឋកម្ពុជា និងយុវជន យុវនារីទូទាំងប្រទេស និងសូមជូនពរបងប្អូនជនរួមជាតិពោរពេញដោយក្តីស្រឡាញ់ និងសុភមង្គលគ្រប់ពេលជានិច្ច៕
ដោយ៖ សុវណ្ណារ៉ា