ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងលួចដឹកគ្រឿងក្នុងជ្រូកចម្រុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាមត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ធ្វើការឃាត់បាននៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចស្នាក់ការគយទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
មន្ត្រីគយតំបន់៥ ប្រាប់ឲ្យដឹងថា ក្រោយពីឃាត់រថយន្តនោះហើយបានឆែកក្នុងរថយន្តបានរកឃើញគ្រឿងក្នុងជ្រូក មានដូចជា សាច់ជ្រូក អណ្តាត ឆ្អឹងជំនីរជ្រូក និងគ្រឿងក្នុងជ្រូកចម្រុះមាន ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង១កេសស្មើរ៦០គីឡូក្រាម បានធ្វើការដកហូតទុកនៅស្នាក់ការគយទឹកថ្លា ។
មន្ត្រីគយតំបន់៥ បន្តឲ្យដឹងទៀតថា៖បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែងរួចមក ឃើញថា ផលិតផលចម្រុះខាងលើ មានការប្រែប្រួលសភាពដើមខូចគុណភាពមានក្លិនស្អុយ ទើបសមត្ថកិច្ចចម្រុះ សម្រេចធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅចំណុចដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ វណ្ណា







