កាលពីថ្ងៃទី២៥ខែតុលា បារាំងមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ដោយមានអ្នកឆ្លងដល់ទៅជាង៥២ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោង ។ ស្ថានភាព ជំងឺបន្តកើនឡើងធ្វើឲ្យប្រធានាធិបតី ម៉ាក្រុង មានគម្រោងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ ។
ក្នុងរយៈពេលតែ៣ថ្ងៃកន្លងមក ចំនួនអ្នកឆ្លងនៅបារាំងកើនឡើងខ្ពស់ជាបន្តបន្ទាប់គឺលើសពី៤ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយចំនួនអ្នកធ្វើតេស្តរកឃើញឆ្លងកើនឡើង១៧ភាគរយ។ ក្នុងទីតាំងមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅ១៧៤១កន្លែង។ ក្រៅពីអ្នកឆ្លងច្រើន ក៏មានអ្នកស្លាប់កើនឡើងដល់ទៅជាង១០០នាក់ក្នុងមួយថ្ងៃផងដែរ។
កាលពីថ្ងៃទី២៥ខែតុលា ក្រសួងសុខាភិបាលបារាំងបានប្រកាសថា តំបន់ Île-de-France មានអ្នកជំងឺកើនឡើងច្រើនលើសលប់ មិនមានកន្លែងសម្រាប់សម្រាកព្យាបាលនោះឡើយ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យPontoise នៅភាគខាងជើងទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានបញ្ជាក់ថា នឹងមានវិធានការទប់ស្កាត់ដល់ខែធ្នូ បើការឆ្លងមិនថយចុះនោះ។ ពលរដ្ឋ៤៦លាននាក់នៅក្នុងខេត្តក្រុងចំនួន៥៤គឺត្រូវគោរពតាមច្បាប់បម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៦ព្រឹក ដើម្បីទប់ស្កាត់ការឆ្លង។
ដោយសារតែមានករណីឆ្លងច្រើន រដ្ឋាភិបាលបារាំងបានសម្រេច អនុម័តច្បាប់គ្រាមានអាសន្ន រហូតដល់ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ ដោយអនុញ្ញាតឲ្យរដ្ឋាភិបាល ចាត់វិធានការតានតឹងដើម្បីទប់ស្កាត់ការឆ្លង ៕ ដោយ៖ធីរីណា