នៅរដ្ឋVictoriaប្រទេសអូស្ត្រាលីជាលើកទីមួយ មិនមានករណីឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោង កន្លងមក ចំណែកកូរ៉េខាងត្បូងបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី ។
នៅថ្ងៃទី២៦ខែតុលា រដ្ឋវិចទ័ររៀ មិនមានការណីឆ្លងកូវីដ-១៩ថ្មីឡើយ គឺជាដំណឹងល្អបំផុតក្រោយរយៈពេល៤ខែប្រឈមការឆ្លងរាលដាលទ្រង់ទ្រាយធំ។ ទាំងនោះគឺជាលទ្ធផលនៃការខិតខំទប់ស្កាត់របស់រដ្ឋាភិបាល ហើយទីក្រុងមែលបឺន នឹងត្រូវលុបច្បាប់បម្រាមនានា។
បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ ជាង២៧ ៥០០នាក់ ហើយរដ្ឋវិចទ័ររៀមានករណីឆ្លងដល់ទៅ៩០ភាគរយ និងស្លាប់៩០៥នាក់នៅទូទាំងប្រទេស។
ចំណែកប្រទេសកូរ៉េខាងត្បូងវិញបានរកឃើញមានករណីឆ្លងកូវីដ-១៩ ថ្មីដល់ទៅជាង១០០នាក់ក្នុងរយៈពេល២៤ម៉ោង ។ ក្រសួងគ្រប់គ្រង និងបង្ការគ្រោះអាសន្ន (KCDA) បានប្រកាសឲ្យដឹងថា បានរកឃើញមានករណីឆ្លងថ្មីដល់ទៅ១១៩នាក់ក្នុងនោះមាន៩៤នាក់ឆ្លងក្នុងសហគមន៍។ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងសរុបទូទាំងប្រទេសជាង២៥៩០០នាក់ និងស្លាប់៤៥៧នាក់។
ចំពោះប្រទេសចិន ដែលជាប្រទេសមានករណីឆ្លងដំបូងបង្អស់លើពិភពលោក ក៏បានរកឃើញមានករណីឆ្លងថ្មី២០នាក់ក្នុងថ្ងៃទី ២៥ខែតុលា ហើយអ្នកឆ្លងទាំង២០ នាក់គឺមកពីខាងក្រៅទាំងអស់ មិនមានអ្នកឆ្លងក្នុងសហគមន៍នោះឡើយ។
ដោយឡែកក្រសរួងសុខាភិបាលវៀតណាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៨នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,១៦៨ករណី។ ករណីឆ្លងថ្មីទាំង៨ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសខាងក្រៅ។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន៦នាក់ផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១,០៥៧នាក់។ ចំណែកឯករណីស្លាប់វិញ មានចំនួន ៥៤នាក់ ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើ៕