ភ្នំពេញ៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យមកឃើញថា៖ មកដល់ពេល នេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ ហើយខណៈអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាង២០០នាក់លាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឱ្យស្អាតចាប់ពីពេលនេះតទៅ ជាមួយនិឹងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចការងារដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធដែលមានទាំងកងទាហានផងដែរនោះបានរួមគ្នាលាងសម្អាតភូមិឋានមួយនេះ ដើម្បីឱ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅឋានរបស់ពួកគាត់អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។
លោកឃួងស្រេង ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មីគម្រោងទី២ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាតនិងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវក្រោយពីទឹកបានស្រកអស់ហើយនោះ ។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីកាយរករឺហ្គែលលូដែលត្រូវបានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ ចាក់បិទជំនួសដោយដាក់បំពង់ទុយយោតូចៗវិញនោះ។ មន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះក៏បណ្តាលមកពីបញ្ហានេះផងដែរ។
សូមបញ្ជាក់ថា៖ កន្លងមកពោលគឺកាលពីជាង១០ថ្ងៃកន្លងនេះ ក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងនូវការលិចលង់និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋប្រមាណជាជាង១ម៉ឺនគ្រួសារ បានទទួលរងនូវផលប៉ះពាល់នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងនេះក៏បានទទួលរងនូវការលិចលង់លំនៅឋានរបស់ពួកគាត់យ៉ាងធ្ងន់ចំនួនប្រមាណ១០០០ល្វែង ក្នុងចំណោមខ្នងផ្ទះ៣១១៣ល្វែង ។
ក្នុងស្ថានភាពបែបនេះ លោកឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី និងកម្លាំងពាក់ព័ន្ធផ្សេងទៀតធ្វើការទប់ និងបូមទឹកចេញពីក្នុងបុរីខាងលើនេះឱ្យអស់ ហើយក្រោយមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចោមចៅទី១នេះ ឃើញថាមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ទើបអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបដើម្បីលាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឱ្យស្អាត ចាប់ពីពេលនេះតទៅ តបទៅការសន្យារបស់ លោកឃួង ស្រេង ខណៈ លោកដឹក នាំ អាជ្ញាធរដែនដីនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹងខាងលើ ដើម្បីរកគ្រប់មធ្យោបាយកុំឱ្យមានការលិចលង់ទៀត កាលពីល្ងាចថ្ងៃទី១៩តុលាឆ្នាំ២០២០កន្លងមកនេះ ៕. សំរិត