ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងបង្កដោយរថយន្តតាកូម៉ាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំទៅបុកម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចរថយន្តរេចង្កូតទៅបុកបញ្ឆៀងផ្ទះលក់ទូរស័ព្ទមួយខ្នងទើបឈប់ស្ងៀម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៥និង៤៣នាទីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិ១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២និងលេខ១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសេត សុធា អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាC
១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខស្វាយរៀង១M-៩៦៩០ខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពីបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែរថយន្តម៉ាកតូយ៉ូតាTACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ
២BB-៩៤១៩នៅនឹងកន្លែងកើតហេតុ។
ចំណែកម្ចាស់ផ្ទះលក់ទូរសព្ទ័មានឈ្មោះពោរ វណ្ណឌឿន អាយុ៣៩ឆ្នាំ ភេទប្រុសមុខរបរលក់ទូរសព្ទ័ រស់នៅភូមិដើមពោធិ៍ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។ចំពោះសម្ភារខូចខាតមានទូដាក់លក់ទូស័ព្ទ, សំយាបមុខផ្ទះ, ស្លាកប៉ាណូទូរស័ព្ទមួយផ្ទាំង ប៉ុន្តែសំណាងដែរដែលមិនមានអ្នករងរបួស។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា
TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២BB-៩៤១៩នៅលើផ្លូវជាតិ១ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខស្វាយរៀង១M-៩៦៩០ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងរួចរថយន្តក៏រេចង្កូតទៅបុកបញ្ឆៀងផ្ទះលក់ទូរស័ព្ទមួយខ្នងទើបឈប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុអ្នកបើករថយន្តឃើញសភាពមិនស្រួលក៏បើកទ្វាររថយន្តរត់គេចខ្លួនតែម្ដងបន្សល់តែជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ក្រោយមកសមត្ថកិច្ចបានវាស់វែងនិងអូសយកវត្ថុតាងទាំងម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ យឹម សុថាន