រឿងព្រេងខ្មែរ÷រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល

ចែករំលែក៖

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្ដាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ដេក​កណ្ដាល ។ បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា ” បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា ” ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។ ក្រោយ​មក​មាន​ខ្លា​មក​ឃើញ​មនុស្ស​ដេក​យក​ជើង​ទល់​គ្នា ហើយ​ទទូរ​សំពត់​ជិត មើល​មិន​ដឹង​ជា​សត្វ​អ្វី​វែង​ដូច្នោះ ឆ្ងល់​ណាស់​ត្បិត​មិន​ដែល​ឃើញ ក៏​បបួល​អស់​សត្វ​ឯទៀត​ជា​ច្រើន មាន​ទាំង​ដំរី​ ក្របី គោ រមាស រមាំង ក្ដាន់​ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់​សត្វ​ទាំង​អស់​មក​មើល គ្មាន​សត្វ​ណា​មួយ​ស្គាល់​សោះ ។ ក្រោយ​មក​ទៀត សត្វ​ទាំង​អស់​នោះ​គិត​គ្នា​ថា “ឥឡូវ​នេះ នឹង​មាន​អ្នក​ឯណា​ស្គាល់​សត្វ​នេះ? ពួក​យើង​បបួល​គ្នា​មក​មើល​សត្វ​នេះ ច្រើន​ភាសា​ណាស់​ហើយ នៅ​សល់​សត្វ​អ្វី​ទៀត ដែល​មិន​ទាន់​បាន​មក​មើល?” ។ អស់​សត្វ​ទាំង​នោះ​គិត​គ្នា​ទៅ ឃើញ​នៅ​សល់​តែ​ទន្សាយ​ពុំ​បាន​មក មួយ​ទៀត ឮ​ល្បី​ថា “ទន្សាយ​នោះ​ជា​អ្នកមាន​ប្រាជ្ញា ចេះ​និយាយ​ក្បួន​ច្បាប់​ទម្លាប់ ចេះ​កល​មាយា ចាំ​ទំនឹម​ទំនៀម​ច្រើន​បើ​ដូច្នេះ យើង​ប្រើ​បង​ដំរី​ឲ្យ​ទៅ​អញ្ជើញ​បង​ទន្សាយ​នោះ​ទើប​បាន ត្បិត​បង​ទន្សាយ​បើ​មាន​នរណា​ទៅ​ពឹង​ការ​អ្វី​គាត់​ៗ កាន់​ខ្លួន​ណាស់” ។ សត្វ​ទាំង​នោះ​គិត​គ្នា​ហើយ ឲ្យ​ដំរី​ទៅ​អញ្ជើញ​ទន្សាយ ។ ដំរី​ក៏​ទៅ ឃើញ​ទន្សាយ​អង្គុយ​នៅ​លើ​ក្បាល​ដំបូក ។ ទន្សាយ​ឃើញ​ដំរី​ដើរ​យេកយោក​មក​ពី​នាយ ក៏​សួរ​ថា “បង​ដំរី ! មាន​ហេតុ​អ្វី បាន​ជា​រលះ​រលាំង​មក? ” ។ ដំរី​ឆ្លើយ​ថា “បង​ទន្សាយ! ត្បិត​មាន​សត្វ​អ្វី​មួយ​ចម្លែក​ណាស់ គ្មាន​នរណា​ស្គាល់​សោះ បាន​ជា​អស់​សត្វ​ក្នុង​ព្រៃ​នេះ ឲ្យ​ខ្ញុំ​មក​អញ្ជើញ​បង​ទន្សាយ​ឯង​ទៅ​មើល ក្រែង​បង​ទន្សាយ​ឯង​ស្គាល់​សត្វ​នោះ” ។ ឯ​ទន្សាយ​ឮ​ដូច្នោះ ហើយ​សួរ​ថា សត្វ​នោះ​ដូច​ម្ដេច តូច​ឬ​ធំ វែង​ឬ​ខ្លី ? ។ ដំរី​ថា “សត្វ​នោះ ធំ​ចុង ធំ​គល់ តូច​កណ្ដាល ហើយ​វែង​ប្រមាណ​ប្រាំ​ហត្ថ ” ។ ទន្សាយ​ឮ​ដូច្នោះ​ឆ្លើយ​ឡើង​ថា ” ឱ​បើ​ដូច្នោះ បង​ដំរី​កុំ​ព្រួយ​ចិត្ត ចាំ​ខ្ញុំ​ទៅ​មើល​ឲ្យ​ស្គាល់​សត្វ​នោះ ប៉ុន្តែ​បង​ដំរី​ឯង ឲ្យ​ខ្ញុំ​ជិះ​លើ​ក្បាល​បង​ឯង​ទៅ” ។ ដំរី​ឮ​ដូច្នោះ​ហើយ ដើរ​ចូល​ទៅ​ឱន​ក្បាល​ឲ្យ​ទន្សាយ​ជិះ​លើ​ក្បាល ទន្សាយ​ធ្វើ​ជា​ក្អេង​ក្អាង លុះ​ទៅ​ដល់​ហើយ ចុះ​ពី​ក្បាល​ដំរី យក​ស្លឹក​ឈើ​ដែល​មាន​ស្នាម​ដង្កូវ​វារ​ដូច​ជា​អក្សរ កាន់​លើក​ឡើង​ធ្វើ​ជា​សំបុត្រ​ថា “អស់​បង​ប្អូន​ស្ដាប់​ខ្ញុំ ត្បិត​ខ្ញុំ​ជា​បម្រើ​ព្រះ​ឥន្ទ្រ​ៗ លោក​ប្រើ​ឲ្យ​នាំ​សំបុត្រ​មក ” ហើយ​ទន្សាយ​ឡើង​លើ​ដំបូក​ធ្វើ​ជា​អាន​សំបុត្រ​ថា “សត្វ​នេះ ព្រះឥន្ទ្រ​លោក​ប្រើ​មក ឈ្មោះ​សត្វ​យោគី​យោគា យក​ទាំង​អស់​គ្នា យក​ទាំង​អញ យក​ទាំង​ឯង ” ។ អស់​សត្វ​ឮ​ទន្សាយ​មើល​សំបុត្រ​ថា “ព្រះឥន្ទ្រ​ឲ្យ​មក​យក​ទាំង​អស់​គ្នា” ក៏​ស្ទុះ​បោល​ជាន់​គ្នា​ស្លាប់ បាក់​ដៃ​បាក់​ជើង​ពាស​ពេញ ស្រែក​លាន់​ទាំង​ព្រៃ ។ មនុស្ស​២​នាក់​នោះ ដឹង​ថា​សត្វ​ទាំង​នោះ ផ្អើល​ភ្ញាក់​រត់​ជាន់​គ្នា​ស្លាប់​ដូច្នោះ ក្រោក​ឡើង​លើក​ដៃ​សំពះ​ទន្សាយ​ថា “បង​ទន្សាយ មាន​គុណ​នឹង​យើង​ខ្លាំង​ណាស់ បើ​ប្រសិន​ជា​យើង​មិន​បាន​បង​ទន្សាយ​មក​ធ្វើ​ឧបាយ​កល​ឲ្យ​យើង​ទេ នោះ​សម​ខ្លា​វា​នឹង​ខាំ​យើង​ស៊ី​ជា​ចំណី​វា​ទៅ​ហើយ បង​ទន្សាយ​ឯង​មាន​ប្រាជ្ញា​ល្មម​ធ្វើ​ជា​សុភា​បាន” ។

ឯ​មនុស្ស​ទាំង​ពីរ​នាក់ មើល​ទៅ​ឃើញ​អស់​សត្វ​ជាន់​គ្នា​ស្លាប់​ពេញ​ព្រៃ​ដូច្នោះ បបួល​គ្នា​អារ​យក​សាច់​រែក​ទាំង​ពីរ​នាក់ ដើរ​ទៅ​បន្តិច ឃើញ​ខ្លា​សំគម​មួយ​ដំរី​ជាន់​បាក់​ជើង ដើរ​បាន​តិចៗ ក៏​បបួល​គ្នា​យក​ខ្សែ​ចង​ដឹង​យក​ទៅ លុះ​ដើរ​ទៅ​បន្តិច​ជួប​នឹង​អ្នក​បរ​រទេះ​គោ ។ ឯ​អ្នក​បរ​រទេះ​គោ​នោះ ឃើញ​អ្នក​ទាំង​ពីរ​រែក​សាច់​មក​ដូច្នោះ​ក៏​បញ្ឈប់​រទេះ​សួរ​ថា “អ្នក​ធ្វើ​ដូច​ម្ដេច ក៏​បាន​សាច់​ច្រើន​ម្ល៉េះ​? ។ អ្នក​នោះ​បញ្ឆោត​ថា “ឆ្កែ​កំបាក់​ជើង​ខ្ញុំ​នេះ​ឯង វា​ដេញ​ខាំ ត្បិត​ឆ្កែ​នេះ ជា​ឆ្កែ​ប្រដេញ វា​តែង​តែ​ដេញ​សត្វ​មក មិន​ដែល​ស្ងួត​ឆ្នាំង​ដល់​មួយ​ពេល​ទេ ក្រែង​តែ​គ្មាន​សត្វ បើ​ព្រៃ​ឯណា​មាន​សត្វ​ហើយ មិន​ដែល​រួច​ពី​អាក្លឹក​ឆ្កែ​ប្រដេញ​ខ្ញុំ​នេះ​ទេ ឲ្យ​តែ​វា​ឃើញ​ស្នាម​ជើង​នោះ សង្ឃឹម​ថា​បាន​ឲ្យ​លាង​ឆ្នាំង​ចាំ​ឲ្យ​ហើយ​ទៅ មុខ​ជា​នឹង​បាន​មិន​ដែល​ខាន​ទេ” ។ ឯ​អ្នក​បរ​រទេះ​គោ ឮ​អ្នក​នោះ​និយាយ​អួត​ប្រាប់​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ល្ងង់​មិន​ស្គាល់​ក៏​ចង់​បាន​ខ្លា​កំបាក់​ជើង​សំគម​នោះ​គិត​ថា ជា​ឆ្កែ​មែន​ទែន ហើយ​និយាយ​អង្វរ​លួង​លោម​ថា “បើ​ដូច្នោះ​អ្នក​អាណិត​ខ្ញុំ​ៗ សុំ​ទិញ​ឆ្កែ​អ្នក​យក​ទៅ​ប្រដេញ​ត្បិត​ស្រុក​ខ្ញុំ​មាន​សត្វ​ច្រើន​ណាស់ ” ។ អ្នក​រែក​សាច់​ឆ្លើយ​ថា ” បើ​ខ្ញុំ​លក់​ឆ្កែ​នេះ​ឲ្យ​អ្នក​ទៅ ផ្ទះ​ខ្ញុំ​សម​នឹង​ស្ងួត​ឆ្នាំង​ហើយ រក​អ្វី​ស៊ី​គ្មាន​ទេ ប៉ុន្តែ​អ្នក​បាន​ជួប​នឹង​ខ្ញុំ​ម្ដង បើ​មិន​និយាយ​គ្នា​ក៏​មិន​បាន, ឆ្កែ​ខ្ញុំ​នេះ ខ្ញុំ​ស្រឡាញ់​វា​រក​អ្វី​ប្រៀប​គ្មាន​ទេ បើ​អ្នក​ចង់​ទិញ តើ​អ្នក​ឲ្យ​ថ្លៃ​ប៉ុន្មាន ? ” ។ អ្នក​បរ​រទេះ​គោ​ឆ្លើយ​ថា ” ខ្ញុំ​មាន​តែ​គោ​មួយ​នឹម​នេះ​ឯង ហើយ​គោ​នេះ ខ្ញុំ​ស្រឡាញ់​រក​អ្វី​ប្រៀប​គ្នា​ទេ ត្បិត​បរ​មួយ​ថ្ងៃ​រាល់​ល្ងាច​មិន​ឈប់​សោះ​ក៏​បាន ក្នុង​មួយ​ថ្ងៃ​ឲ្យ​ទឹក​ផឹក​តែ​ម្ដង ទាំង​ល្បឿន​ទៀត​ក្នុង​ស្រុក​អាយ​នេះ គ្មាន​គោ​ណា​លឿន​ស្មើ​ទេ, តែ​ឥឡូវ​នេះ ចិត្ត​ខ្ញុំ​ចង់​បាន​ឆ្កែ​អ្នក​ឯង យក​ទៅ​ដេញ​សត្វ​ឯ​ស្រុក​ខ្ញុំ​ៗ សុំ​ដូរ​ថ្នូរ​គោ​មួយ​នឹម ព្រម​ទាំង​កណ្ដឹង ចង្ក្រង់ ត្រដោក ខ្សែ​ទាម ខ្សែ​ចន្ទោល​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​ជិះ​បរ​តែ​ម្ដង, ខ្ញុំ​សុំ​តែ​ខ្លួន​និង​ប្រពន្ធ​ចុះ​ចេញ” ។ អ្នក​រែក​សាច់​ឮ​អ្នក​បរ​រទេះ​ថា “ដូរ​ជា​គោ​មួយ​នឹង​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​បរ” ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ដោយ​សារ​រែក​សាច់​វា​ធ្ងន់​ផង ហើយ​ធ្វើ​ជា​មិន​ចង់​ដូរ​ទេ តែ​ក្នុង​ចិត្ត​ដូរ​ណាស់ និយាយ​ថា “ឆ្កែ​ខ្ញុំ​នេះ​ខ្ញុំ​ស្រឡាញ់​ណាស់, ឥឡូវ​អ្នក​មក​សុំ​ដូរ​ពី​ខ្ញុំ​ទៅ ខ្ញុំ​ខំ​កាត់​ចិត្ត​ដូរ​ឲ្យ​អ្នក​ទៅ​ចុះ, ប៉ុន្តែ​អ្នក​ថ្នម​វា​ឲ្យ​ល្អ កុំ​ឲ្យ​វា​អត់​ឃ្លាន ហើយ​អ្នក​យក​សាច់​នេះ ទុក​ឲ្យ​វា​ស៊ី​តាម​ផ្លូវ​ទៅ ” ។ ឯ​អ្នក​រែក​សាច់ ឲ្យ​សាច់​ទៅ​អ្នក​នោះ​ល្មម​ខ្លា​ស៊ី​ឆ្អែត ហើយ​យក​សាច់​ដាក់​លើ​រទេះ​បរ​ទៅ ។ អ្នក​ម្ចាស់​រទេះ​គោ​នោះ ក៏​ដឹក​ខ្លា​សំគម​កំបាក់​ជើង​ទេ ទៅ​បន្តិច​ទៅ ឲ្យ​សាច់​ទៅ​ខ្លា​ស៊ី​ជា​រឿយៗ ។ ខ្លា​នោះ​បាន​សាច់​ស៊ី មាន​កម្លាំង ក៏​ក្រាញ​មិន​ចង់​ទៅ ត្រា​តែ​ដាច់​ខ្សែ ហើយ​ដើរ​ចូល​ក្នុង​ព្រៃ​ទៅ, អ្នក​នោះ​ដឹង​ថា​ខ្លា​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ ក៏​រត់​ទៅ​តាម​ចាប់ ហើយ​ហៅ​ថា “បឺសៗ ! អាក្លឹក​មក​ឯ​អាយ” ។ ខ្លា​ឃើញ​មនុស្ស​ទៅ​ជិត បែរ​មក​គំរាម​ធ្វើ​ហ៊ែៗ ហ៊ៗ សន្ធាប់​ឲ្យ​អ្នក​នោះ ។ អ្នក​នោះ ឃើញ​ខ្លា​គំរាម​មុខ​គួរ​ឲ្យ​ខ្លាច​ដូច្នោះ ក៏​ថយ​មក​ក្រោយ​វិញ​ មិន​ហ៊ាន​តាម​ទៅ​ទៀត ប៉ុន្តែ​នឹក​ស្ដាយ មើល​ទៅ​រទេះ​បរ​ទៅ​បាត់ មិន​ដឹង​ជា​ទៅ​ដល់​ណា ។ អ្នក​ម្ចាស់​ខ្លា​បាន​រទេះ​គោ​នោះ​ហើយ ក៏​ម្នីម្នា​ដាក់​អម្រែក​លើ​រទេះ ឡើង​ជិះ​ទាំង​ពីរ​នាក់ បរ​ជា​ប្រញាប់​ទៅ ឲ្យ​តែ​ហួស​ពី​មុខ​ម្ចាស់​រទេះ​នោះ ។ ឯ​អ្នក​ម្ចាស់​រទេះ​ដល់​ខ្លា​បោល​ចូល​ព្រៃ​ទៅ​ហើយ នឹក​ស្ដាយ​ណាស់ មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច ក៏​បបួល​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕
(យកហេះទៅដូរហោះ)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print