ពលរដ្ឋជាង៦ពាន់គ្រួសារស្មើ២ម៉ឺន៦ពាន់នាក់ ផ្ទះ៥ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតទទួលរងផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាពេលកន្លងមក

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ពិសេសប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ត្រូវចុះជួយផ្ទាល់ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ។
ជាងនេះទៅទៀត មន្ទីរសុខាភិបាលខេត្ត ត្រូវចុះធ្វើការបាញ់ថ្នាំសម្លាប់មូស និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រមទាំងធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋត្រូវមានអនាម័យជាប្រចាំ ដោយប្រកាន់នូវការហូបស្អាត ផឹកទឹកដាំពុះ ដើម្បីបង្ការ និងការពារនូវជំងឺឆ្លងរាតត្បាតនានា។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀង មានក្រុង-ស្រុកចំនួន៥ ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកស្អាង និងក្រុងតាខ្មៅ ដែល
ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៦. ៨២២គ្រួសារ ស្មើនឹង២៦.៩២៣នាក់ ផ្ទះប្រមាណ៥.៩៥៥ខ្នង ជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន១២៩ គ្រួសារ ស្មើនឹង៤៩៨នាក់ និងហេដ្ឋារចនាមួយចំនួនទៀតក្នុងខេត្តកណ្ដាល៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print