ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មសម្លាប់ឪពុកបង្កើតខ្លួនឯង។
ការឃាត់ខ្លួនកូនអកតញ្ញូនេះធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិកើតហេតុ ចម្ងាយ១០០០ម៉ែត្រ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ដឹកនាំប្រជាការពារ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក។
សមត្ថកិច្ចបានឲ្យដឹងថា កូនចិត្តតិរច្ឆានឈ្មោះ ធឿន ធីន អាយុ៣៧ឆ្នាំ នៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ចំណែកជនរងគ្រោះមានឈ្មោះ ថូ ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ មុខរបរកសិករ រស់នៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានខឹងឪពុករបស់ខ្លួនដែលស្រែកឱ្យថា «ម៉េចក៏ដេកយូរម្ល៉េះ?» ជនសង្ស័យឮដូច្នេះក៏ស្ទុះទៅយកដំបងជ្រុងមកវាយឪពុកពីក្រោយចំនួន២ដំបង បណ្តាលឲ្យសន្លប់នៅនិឹងកន្លែងកើតហេត្។
ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅមណ្ឌលសុខភាពមោងស្រុកស្រីស្នំ ខេត្តសៀមរាប ហើយក៏បញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប រហូតដល់វេលាម៉ោង១០និង៣០នាទី ទើបដាច់ខ្យល់ស្លាប់។
សពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចតាមចាប់ជនសង្ស័យបាន ហើយបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានវាយឪពុកបង្កើតពិតប្រាកដមែន ដោយគាត់រអ៊ូច្រើនពេក៕ដោយ៖ សូរិយា