ខេត្តស្វាយរៀង៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងដេកលង់លក់ភ័យស្លន់ស្លោចេញមកមើលបន្ទាប់ពីអ្នកបើកបរមានជាតិស្រវឹងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នតែសំណាងដែរដែលមិនបុកផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់
ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ១៣០-១៣១ក្នុងភូមិស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសអ្នកបើករថយន្តរងរបួសស្រាលមានឈ្មោះសាក់ ចំរើន អាយុ ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ចង្កូតស្ដាំ ០៥២៤ ក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។
តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកបើកបររថយន្តរងរបួសស្រាលមិនមានរងគ្រោះធ្ងន់ធ្ងរនោះទេដោយមានជាតិស្រវឹងក្នុងខ្លួន ( ១,៧៥ mg/L ) ។
បច្ចប្បន្នអ្នករបួសត្រូវបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយសមត្ថកិច្ចវាស់វែងនិងអូសយកមធ្យោបាយមករក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង៕ ដោយ៖ យឹម សុថាន