ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ស្លាប់មានសភាពហើមស្អុយមានចងសណ្តូនថ្មជាប់ចង្កេះអណ្តែតក្នុងទឹកទន្លេសាបតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១០និង ២០ នាទីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចច្រាំងទន្លេសាប តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គឺត្រឹមតែដឹងថាមានអាយុប្រហែល៣០ឆ្នាំ ភេទប្រុស ពាក់អាវកីឡាយឺតពណ៌ខ្មៅឆ្នូតដៃពណ៌ស ខោយឺតកីឡាជើងខ្លីពណ៌ខ្មៅឆ្នូតខៀវ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាបានប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្តែតទឹកហើមស្អុយក្នុងទន្លេសាបខាងកើតវត្តភ្នំ។ ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុបានធ្វើការពិនិត្យមើលឃើញសពជនរងគ្រោះមានសភាពហើមស្អុយហើយគេឃើញសាក់កាដូពណ៌ខ្មៅចងជាប់នៅចង្កេះមានដាក់ដុំថ្មមួយដុំដូចថ្មជើងឆត្រទម្ងន់ប្រហែល ១០គីឡូក្រាមនៅជាប់ជាមួយជនរងគ្រោះ។ បន្ទាប់មកក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យរួចដឹកសពយកទៅកាន់វត្តទឹកថ្លាដើម្បីធ្វើការពិនិត្យបន្តទៅលើសពជនរងគ្រោះដើម្បីរកមូលហេតុថាតើជនរងស្លាប់ដោយសារឃាតកម្មគេសម្លាប់រួចយកដុំថ្មមកចងសណ្តូនពន្លិចបំបាត់ភស្តុតាងឬក៏ជនរងគ្រោះយកដុំថ្មចងភ្ជាប់នឹងខ្លួនដើម្បីលោតទឹកសម្លាប់ខ្លួនឯងឬក៏យ៉ាងណា។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ និន សុភ័ស្ត