ថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃអុំទូកទី១ ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, សៀមរាបទទួលបានភ្ញៀវច្រើនជាងគេ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។

លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់។

លោករដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖

* ខេត្តសៀមរាប ទទួលបានភ្ញៀវចំនួន ៥៨,៧៩៧នាក់

* ខេត្តកំពត ទទួលបានភ្ញៀវចំនួន ២០,៧៧២នាក់

* ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន ១៨,៩២០នាក់

* ខេត្តកណ្តាល ទទួលបានភ្ញៀវចំនួន ១៤,៥៧៥នាក់

* ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវចំនួន ១១,៩៤៨នាក់

* ខេត្តកោះកុង ទទួលបានភ្ញៀវចំនួន ៨,៩៦៦នាក់

* ខេត្តតាកែវ ទទួលបានភ្ញៀវចំនួន ៨,៦៣៨នាក់

* ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវចំនួន ៧,៧១៨នាក់

* ខេត្តបាត់ដំបង ទទួលបានភ្ញៀវចំនួន ៧,៦៨២នាក់

* រាជធានីភ្នំពេញ ទទួលបានភ្ញៀវចំនួន ៧,៤២៩នាក់។

ជាការកត់សម្គាល់ ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឲ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ១៣,៣៧៤នាក់ ស្មើតែប្រមាណ៦.៤៦% នៃភ្ញៀវសរុប ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ៥៣,១៦៧នាក់ ស្មើនឹងប្រមាណ ២៥.៦៣% នៃភ្ញៀវសរុប។

ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ប្រមាណ២៨.៤០% នៃភ្ញៀវសរុបដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។

បើតាមលោករដ្ឋមន្ដ្រី ថោង ខុន ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹក របស់សម្តេចតេជោ ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និតជាមួយ គណៈបញ្ជាការឯកភាពរាជធានីខេត្ត៕

               

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print