អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញនេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង អស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារចុះជួយឃុំឆ្នាល់មាន់ លោកអភិបាលរងស្រុកគាស់ក្រឡ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិចំនួនពីរ គឺភូមិសំរោង និងភូមិព្រៃទទឺង ដែលមានភូមិសាស្រ្តស្ថិតក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបាននាំយកអំណោយរួមមាន៖ អង្ក មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង ព្រមជាមួយអំណោយរបស់វិស័យឯកជននានា និងសប្បុរជនមួយចំនួនទៀត ចែកជូនប្រជាពលរដ្ឋសរុបចំនួន៣៩១គ្រួសារ និងបានចូលរួមបច្ច័យបុណ្យសពជូនដល់ក្រុមគ្រួសារនៃសពក្នុងមួយគ្រួសារ ៤០០០០០រៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់ លោក ប៊ុន ហុន និងក្រុមការងារ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។

តាមរយៈមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ប៊ុន ហុន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈដោយពុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះស្លាប់ដោយសារអត់អាហារនោះឡើយ។

ជាមួយគ្នានេះ ដែរ លោក ប៊ុន ហុន
ក៏បានមានមតិផ្តាំផ្ញើចំពោះអ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក្នុងកម្មវិធី ធ្វើយ៉ាងណាចូលរួមថែរក្សាការពារសេចក្តីសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និងបានផ្តាំផ្ញើ ធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះធម្មជាតិនានាដែលអាចកើតមានឡើងជាយថាហេតុ ដូចជាករណីគ្រោះទឹកជំនន់កន្លងទៅថ្មីៗនេះ ដែលអាចបង្កឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិត ជាពិសេសកូនៗដែលនៅតូចដែលត្រូវយកចិត្តទុកដាក់ជាចំបង ដើម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេងៗ។

ជាងនេះទៅទៀត លោកបានគូសបញ្ជាក់បន្តថា ករណីជម្ងឺកូវិត១៩ ក៏ពុំទាន់ឃ្លាតចាកឆ្ងាយពីសង្គមជាតិយើងនិងសកលលោក១០០%នៅឡើយដែរ ដូចនេះត្រូវតែនាំគ្នាបន្តចូលរួមសហការការពារបន្តទៀត មិនត្រូវធ្វេសប្រហសជាដាច់ខាត។ ជាចុងក្រោយ លោក បានពាំនាំនូវមតិជូនពរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង នូវពុទ្ធពរទាំងបួនប្រការជូនដល់ប្រជាពលរដ្ឋនិងសមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ទទួលបាន អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print