ទាស់ពាក្យសម្តីគ្នារឿងជំពាក់ប្រាក់២ម៉ឺនរៀលឈានដល់យកកាំបិតកាប់គ្នាបណ្ដាលឲ្យម្នាក់របួសដៃ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានរងរបួសដៃយ៉ាងដំណំដោយសារតែគូទំនាស់របស់ខ្លួនយកកាំបិតផ្គាក់កាប់ព្រោះតែទាស់ពាក្យសម្តីគ្នារឿងជំពាក់ប្រាក់ចំនួន២ម៉ឺនរៀល។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីនៅចំណុចភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សុឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហៀប លាងហេង ហៅហើម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ មានទីលំនៅភូមិក្បាលកោះតូច​ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យកមានកាំបិតផ្គាក់ចំនួន១។
ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះឈ្មោះចេង សុខឿន កំពុងដេកលើអង្រឹងក្រោមផ្ទះ២នាក់ប្រពន្ធ ភ្លាមនោះជនសង្ស័យឈ្មោះហៀប​ លាងហេង ហៅហើមបានជិះកង់ម្នាក់ឯងមកឈប់នៅមុខផ្ទះជនរងគ្រោះ ហើយក៏បានជជែកជាមួយជនរងគ្រោះពីរឿងជនរងគ្រោះជំពាក់ប្រាក់ខ្លួនចំនួន២០.០០០រៀល ខណៈនោះក៏បានឈ្លោះគ្នា ដោយជនរងគ្រោះកាន់ដំបង ហើយក៏មានការវ៉ៃគ្នាបណ្តាលឲ្យជនរងគ្រោះរបួសមុតកដៃឆ្វេង។ បន្ទាប់ពីមានករណីខាងលើរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលតាលន់ដើម្បីឱ្យចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងខាងលើ ភ្លាមនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ រួចកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print